សារជូនពរ សម្តេច ហ៊ុន សែន ក្នុងឱកាស ខួបកំណើត ៧០ ឆ្នាំ / Happy birthday to Hun Sen ...

ចែករំលែក ៖​

០៥ សីហា ២០២២ / 05 August 2022 

សារជូនពរ សម្តេច ហ៊ុន សែន ក្នុងឱកាស ខួបកំណើត ៧០ ឆ្នាំ

សម្តេច,

ក្នុងឱកាស ខួបកំណើត ៧០ ឆ្នាំ របស់សម្តេច ថ្ងៃនេះ ខ្ញុំសូមជូនពរឲ្យសម្តេច មានសុខភាពល្អ អាយុយ៉ឺនយូរ និងស្គាល់តែសុភមង្គលក្នុងគ្រួសារ រហូតដល់កូនចៅគ្រប់រូប។

ក្នុងឱកាសនេះដែរ និងក្នុងផលប្រយោជន៍សាធារណៈ ខ្ញុំក៏សូមអនុញ្ញាតិស្នើឲ្យសម្តេច ជម្រុញបង្កើតច្បាប់មួយ ដើម្បីកំណត់អាយុ មន្ត្រីរាជការ ក្នុងមុខងារសាធារណៈគ្រប់រូប ទាំងផ្នែកនយោបាយផងដែរ ឲ្យចូលនិវត្តន៍ ចាប់ពីអាយុ ៧០ ឆ្នាំឡើងទៅ។

គ្មាននរណា ចៀសផុតពីច្បាប់ធម្មជាតិបានទេ ដែលមានដំណាក់កាល ៤ គឺ កើត ចាស់ ឈឺ ស្លាប់។ ប្រទេសយើងត្រូវការកម្លាំងយុវជន ជំនាន់ថ្មី ដើម្បីនាំមកឈាមថ្មី និងគំនិតថ្មី ដែលជាការចាំបាច់ ក្នុងការជម្រុញឲ្យប្រទេសកម្ពុជា ធ្វើដំណើរឆ្ពោះទៅរកវឌ្ឍនភាព។ ច្បាប់កំណត់អាយុមន្ត្រីរាជការ ទាំងផ្នែកនយោបាយផងដែរ ឲ្យចូលនិវត្តន៍ចាប់ពីអាយុ ៧០ ឆ្នាំឡើងទៅ បែបនេះ គឺជាការផ្តល់តម្លៃ និងផ្តល់ឱកាស ឲ្យយុវជនជំនាន់ក្រោយ រាប់ម៉ឺនរាប់សែននាក់ បានឡើងមកកាន់តំណែង ជាបន្តបន្ទាប់ ក្នុងកម្រិតការទទួលខុសត្រូវកាន់តែខ្ពស់ឡើងៗ ដោយមិនចាំបាច់រង់ចាំ ក្នុងពេលវេលាយូរហួសហេតុនោះទេ។ មកដល់ពេលនេះ មានមន្ត្រីក្នុងមុខងារសាធារណៈច្រើនណាស់ ដែលនៅកាន់តំណែងនៅឡើយ ទោះជាមានអាយុ ដល់ ៧០ ឆ្នាំហើយ យ៉ាងណាក៏ដោយ។ ស្ថានការណ៍បែបនេះ ធ្វើឲ្យជាប់គាំង ដល់ការវិវត្តន៍ នៃមុខងាររបស់យុវជន ដែលមិនអាចឡើងបុណ្យសក្តិបាន ពីព្រោះចាស់ៗនៅខាងលើ មិនព្រមដកខ្លួនចេញពីតំណែងបច្ចុប្បន្នរបស់ពួកគាត់។

សូមចាប់អារម្មណ៍ពីច្បាប់នៅប្រទេសវៀតណាម ដែលមានការកំណត់អាយុ សម្រាប់អ្នកកាន់តំណែងក្នុងមុខងារសាធារណៈទាំងអស់ មិនឲ្យលើសពី ៦៥ ឆ្នាំទេ ហើយក៏មិនអាចមានការលើកលែងណាមួយ បានឡើយ។ ការកំណត់អាយុជាអតិបរមា ក្នុងតំណែងមុខងារសាធារណៈបែបនេះ ដើម្បីស្វែងរកឈាមថ្មី និងគំនិតថ្មី គឺជាកត្តាមួយដ៏សំខាន់ ដែលធ្វើឲ្យប្រទេសគេ ឈានទៅរកការរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាសង្ខេប យើងត្រូវផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយ ទទួលបានបទពិសោធន៍ ហើយអាចបញ្ចេញសមត្ថភាព និងស្នាដៃ របស់ពួកគេ យ៉ាងឆាប់រហ័សគួរសម ដោយមិនមានចាស់ៗខាងលើ នៅក្រាញអំណាចយូរពេក ទោះជាកម្លាំងកាយ និងកម្លាំងប្រាជ្ញា ចុះថយយ៉ាងណាក៏ដោយ។

សូមសម្តេច ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ

សម រង្ស៊ី

ធ្វើនៅទីក្រុងប៉ារីស ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២

ព័ត៌មានថ្មីបំផុត
លោក សម រង្ស៊ី នៅប្រាសាទ Maintenon ជិតផ្ទះគាត់នៅជនបទ ប្រទេសបារាំង / Au Château de Maintenon, près de notre maison de campagne en France, dans le département d'Eure-et-Loir.
បាតុកម្មជនជាតិខ្មែរ នៅសហរដ្ឋអាមេរិក ប្រឆាំងវត្តមាន ហ៊ុន សែន នៅអង្គការសហប្រជាជាតិ បុរីញូយ៉ក / Anti-Hun Sen demonstration in front of the U.N. Headquarters in New York City.
ក្រោមរបបគ្រួសារនិយម កូនខ្វះសមត្ថភាព ត្រូវតែឡើងតាមជើងខោឪ
បទសម្ភាសន៍​លោក សម រង្ស៊ី​ ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ស្ដីពីស្ថានការណ៍នយោបាយចុងក្រោយនៅប្រទេសកម្ពុជា / Sam Rainsy's interview with VOA Khmer on the latest political situation in Cambodia
ពួកគាត់គ្មានឪពុកជានាយករដ្ឋមន្ត្រីទេ តែពួកគាត់ត្រូវតែមានលទ្ធភាពស្មើគ្នា ក្នុងការចូលរួមដឹកនាំប្រទេសទៅថ្ងៃមុខ / Equal opportunity for Khmer youth in taking up top positions at national level.
Flag Counter