ជីវិតខ្ញុំ ក្នុងឆាកនយោបាយ / My Life in Politics

ចែករំលែក ៖​

កាលពីអាយុ ១២ ឆ្នាំ Aged 12

កិច្ចការនយោបាយ មានជាប់នៅក្នុងជីវិតរបស់ខ្ញុំ តាំងពីខ្ញុំមានវ័យជាកុមារ ដោយសារតែឪពុកខ្ញុំ លោក សម សារី ជាឥស្សរជននយោបាយមួយរូប ដែលបានដង្ហែតាមសម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពេលដែលព្រះអង្គបំពេញបូជនីយកិច្ច ទាមទារឯករាជ្យពីបារាំង ក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៥០។ ឯករាជ្យនេះ ទទួលបានក្នុងឆ្នាំ ១៩៥៣ ហើយត្រូវបានពង្រឹង និងការពារ ក្នុងសន្និសីទទីក្រុងហ្សឺណែវ នៅឆ្នាំ ១៩៥៤។

ខ្ញុំបានប្រាសចាកពីឪពុកខ្ញុំ ពេលខ្ញុំអាយុ ១០ ឆ្នាំ។ ប្រហែលជាខ្ញុំយកគម្រូតាមឪពុកខ្ញុំ ដែលបានប្តេជ្ញា និងខិតខំ ធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសេរីភាព ឯករាជ្យ និងលទ្ធិប្រជាធិបតេយ្យ។ តែទោះជាយ៉ាងណាក៏ដោយ ជំនឿ ឧត្តមគតិ និងសកម្មភាពរបស់ខ្ញុំ ហាក់ដូចជាត្រូវបានកំណត់ តាំងពីខ្ញុំកើតមកម្ល៉េះ។  

ការចូលរួមរបស់ខ្ញុំ ក្នុងសកម្មភាពនយោបាយ បានចាប់ផ្តើមក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។ ពេលនោះ ក្រុមគ្រួសារខ្ញុំ បានមករស់នៅជាជនភៀសខ្លួន នៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រមាណ ១០ ឆ្នាំហើយ ស្រាប់តែពួកខ្មែរក្រហម ឡើងមកកាន់អំណាច នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៧៥។ យើងមានការរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ពេលដឹងលឺតាមរយៈជនភៀសខ្លួន ដែលរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជា អំពីរបបប្រល័យពូជសាសន៍ ដែលជារបបកុម្មុយនីស្ត ដឹកនាំដោយពួកខ្មែរក្រហម។ ភរិយាខ្ញុំ ជូឡុង សូមួរ៉ា បានផ្តល់គំនិតថា យើងគួរតែរៀបចំធ្វើជាព្រឹត្តិបត្រព័ត៌មានមួយ ដើម្បីផ្តល់សម្លេងមួយ ឲ្យទៅអ្នកដែលត្រូវគេធ្វើបាប ហើយគ្មានសម្លេងទាល់តែសោះ។ ព្រឹត្តិបត្រនោះ ត្រូវបានចេញផ្សាយរយៈពេល ​៤ ​ឆ្នាំ ដែលពួកខ្មែរក្រហមកាន់អំណាចនៅប្រទេសកម្ពុជា ហើយមានឈ្មោះ សេរីកា។

របបខ្មែរក្រហម ត្រូវបានដួលរលំ ពេលដែលកងទ័ពប្រទេសវៀតណាម ចូលមកវាយលុកប្រទេសកម្ពុជា នៅឆ្នាំ ១៩៧៩។ យើងមានជំនឿពេលនោះថា គណបក្សហ្វ៊ុនស៊ីនប៉ិច ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ជាក្តីសង្ឃឹមដ៏ច្បាស់លាស់ជាងគេ របស់ប្រជារាស្ត្រខ្មែរ ក្នុងការស្រោចស្រង់ជាតិ។ ភរិយាខ្ញុំ និងរូបខ្ញុំ ជាសមាជិកស្ថាបនិក ចលនាហ្វ៊ុនស៊ីនប៉ិច តាំងពីឆ្នាំ ១៩៨១។ ខ្ញុំបានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ជាលើកដំបូង តាំងពីមានវ័យជាកុមារ ក្នុងឆ្នាំ ១៩៩២ គឺមួយឆ្នាំ បន្ទាប់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងឆ្នាំ ១៩៩១។ សន្ធិសញ្ញានេះ មានបំណងបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជា ដែលពាក់ព័ន្ធជាមួយពួកខ្មែរក្រហមផងដែរ ហើយបំណងសន្ធិសញ្ញានេះ ក៏ចង់បង្កើតប្រព័ន្ធប្រជាធិបតេយ្យមួយ សម្រាប់ប្រទេសកម្ពុជា តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ តែបំណងនេះ មិនទាន់បានសម្រេចនៅឡើយទេ មកដល់ពេលនេះ។  

ខ្ញុំបានលះបង់ការងាររបស់ខ្ញុំ ក្នុងវិស័យហិរញ្ញវត្ថុ ហើយក៏បញ្ចប់មុខរបររបស់ខ្ញុំ ជាអ្នកគ្រប់គ្រងទុន នៅប្រទេសបារាំង បន្ទាប់ពីបានសម្រេចចូលរួម ក្នុងគម្រោងសង្គ្រោះជាតិ។ ខ្ញុំមានកិត្តិយស ទទួលតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៩៣។ ខ្ញុំបានប្រឈមមុខនឹងអំពើពុករលួយ ក្នុងទ្រង់ទ្រាយធំបំផុត ដោយសារតែស្ថាប័នរដ្ឋ នៅប្រទេសកម្ពុជា ធ្លាប់តែខ្សោយជាទីបំផុត ហើយមិនអាចប្រមូលពន្ធដារ ដាក់ចូលទៅក្នុងឃ្លាំងរដ្ឋឲ្យបានត្រឹមត្រូវ។ ដោយសារតែខ្ញុំ ហ៊ានប្រឆាំងអំពើពុករលួយ ដែលពាក់ព័ន្ធអ្នកកាន់តំណែងខ្ពស់បំផុត ខ្ញុំក៏ត្រូវបានគេដកតំណែង ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងឆ្នាំ ១៩៩៤។ ឆ្នាំបន្ទាប់មក ខ្ញុំត្រូវបានគេបណ្តេញចេញពីរដ្ឋសភា ដោយអ្នកដែលបណ្តេញខ្ញុំនោះ មិនគិតគូរពីឆន្ទៈប្រជារាស្ត្រ ដែលបានបោះឆ្នោតឲ្យខ្ញុំ។  

ដោយសារតែការគំរាម និងការប្រើអំពើហិង្សា គណបក្សហ្វ៊ុនស៊ីនប៉ិច ក៏ត្រូវបានគេរំលោភយកអំណាច ដែលប្រជារាស្ត្របានផ្តល់ឲ្យតាមរយៈការបោះឆ្នោត។ ជម្រើសតែមួយគត់សម្រាប់ខ្ញុំ ពេលនោះ គឺបង្កើតគណបក្សថ្មី ដែលមានគោលការណ៍ច្បាស់លាស់។ គណបក្សនេះ មុនដំបូងមានឈ្មោះថា គណបក្សជាតិខ្មែរ តែបន្ទាប់មក បានប្តូរឈ្មោះ ទៅជាគណបក្ស សម រង្ស៊ី។ បាតុកម្មដោយសន្តិវិធី ក្នុងទ្រង់ទ្រាយតូចមួយ ដឹកនាំដោយគណបក្ស សម រង្ស៊ី ត្រូវបានគេវាយប្រហារដោយគ្រាប់បែកដៃ ក្នុងឆ្នាំ ១៩៩៧ ដែលជាការប៉ុនប៉ងសម្លាប់ខ្ញុំតែម្តង។ មានមនុស្សយ៉ាងតិច ១៦ នាក់ ត្រូវស្លាប់ ក្នុងនោះ មានទាំងអង្គរក្សខ្ញុំមួយរូប ឈ្មោះ ហាន់ មុនី ដែលបានយកខ្លួនគាត់មកពាំង ការពាររូបខ្ញុំ។  

ការប្រើអំពើហិង្សា នៅប្រទេសកម្ពុជា តែងតែមិនបំពេញបំណង អ្នកដែលប្រព្រឹត្តអំពើហិង្សាទាំងនោះទេ ពីព្រោះពេលមានអំពើហិង្សា មកលើគណបក្សប្រឆាំងម្តងៗ សាធារណមតិ បែរជាមកគាំទ្រគណបក្សប្រឆាំង កាន់តែខ្លាំងឡើងថែមទៀត។ គណបក្ស សម រង្ស៊ី កាន់តែរីកធំធាត់ថែមទៀត ពេលទទួលការគាំទ្រ ពីប្រជាពលរដ្ឋកាន់តែច្រើនឡើង ដែលយល់កាន់តែច្បាស់ឡើងថា រដ្ឋអំណាចផ្តាច់ការ បានលួចអំណាចពីប្រជារាស្ត្រ។ គណបក្សប្រជាជនកម្ពុជា បានរក្សាអំណាចរបស់ខ្លួន ដោយលួចបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ដែលពួកគេមានកាតព្វកិច្ចរៀបចំតាមផ្លូវច្បាប់។ ពួកគេក៏មិនញញើត ធ្វើឃាតកម្មនយោបាយ នៅពេលដែលពួកគេភ័យខ្លាចចាញ់ឆ្នោត។ បន្ទាប់ពីខ្ញុំ ត្រូវបានគេប៉ុនប៉ងសម្លាប់ ខ្ញុំក៏ត្រូវបានគេនិរទេស ឲ្យទៅរស់នៅក្រៅប្រទេស ជាច្រើនលើកច្រើនសា ដោយសារតែរដ្ឋអំណាច ខ្លាចវត្តមានខ្ញុំ ហើយមិនចង់ឲ្យខ្ញុំ ចូលរួមដោយផ្ទាល់ ក្នុងការបោះឆ្នោតម្តងៗ។  

ការផ្លាស់ប្តូរដ៏សំខាន់មួយ បានចាប់ផ្តើមនៅឆ្នាំ ២០១២ នៅពេលដែលគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា បានសម្រេចច្របាច់ចូលគ្នា។ ជាលើកទីមួយហើយ ដែលកម្លាំងប្រឆាំងតាមបែបបទប្រជាធិបតេយ្យ បានរួបរួមគ្នាជាធ្លុងមួយ ក្រោមស្លាកគណបក្សសង្គ្រោះជាតិ។ ខ្ញុំបានប្រកាសថា ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ មួយរយៈពេលខ្លី មុនការបោះឆ្នោត ខែកក្កដា ឆ្នាំ ២០១៣ ហើយបន្ទាប់មក ខ្ញុំក៏បានទទួលការលើកលែងទោស ពីព្រះមហាក្សត្រ ទាក់ទងទៅនឹងការចោទប្រកាន់ និងការផ្តន្ទាទោស ដែលបណ្តាលមកពីមូលហេតុនយោបាយសុទ្ធសាធ។ គណបក្សសង្គ្រោះជាតិ បានកើនសម្លេងយ៉ាងខ្លាំង ក្នុងការបោះឆ្នោតជាតិចុងក្រោយនេះ ទោះជាមានភាពមិនប្រក្រតីជាច្រើនយ៉ាងណាក៏ដោយ។ 

ក្រោយពីការបោះឆ្នោតនោះ ខ្ញុំបានសាកល្បងរៀបចំ ឲ្យមានការសន្ទនាមួយជាវិជ្ជមាន ជាមួយរដ្ឋាភិបាល ពីព្រោះប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ នៅតែទាមទារឲ្យមានការផ្លាស់ប្តូរ។ តែលទ្ធផលដែលទទួលបាន គឺមានតែការបង្ក្រាបមួយទៀត។ កម្មកររោងចក្រកាត់ដេរ ដែលតវ៉ា ដើម្បីជីវភាពរស់នៅរបស់ពួកគាត់ ត្រូវបានកងកម្លាំងប្រដាប់អាវុធ បាញ់ប្រហារ ក្នុងខែមករា ឆ្នាំ ២០១៤។ តំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ ត្រូវគេវាយដំ។ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងសកម្មជនអង្គការសិទ្ធិមនុស្ស ត្រូវគេចាប់ដាក់គុក ដោយសំអាងលើការចោទប្រកាន់ គ្មានមូលដ្ឋាន។ មានមន្ត្រីមួយរូប នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបតែទទួលការកែទម្រង់ ក៏ត្រូវគេចាប់ដាក់គុកដែរ។ លោកបណ្ឌិត កែម ឡី អ្នកទិតៀនរដ្ឋាភិបាលមួយរូប ដែលមានប្រជាប្រិយភាព ត្រូវបានគេបាញ់សម្លាប់ កណ្តាលថ្ងៃ ក្នុងខែកក្កដា ២០១៦។ ការលើកលែងទោសរបស់ខ្ញុំ ពីព្រះមហាក្សត្រ ត្រូវបានគេច្រានចោល នៅពេលដែលខ្ញុំ កំពុងធ្វើទស្សនកិច្ច សួរសុខទុក្ខបងប្អូនជនរួមជាតិខ្មែរយើង នៅប្រទេសកូរ៉េខាងត្បូង។ បន្ទាប់មកទៀត ក្រុមហ៊ុនអាកាសចរណ៍ ទូទាំងពិភពលោក ត្រូវបានគេព្រមានមិនឲ្យចុះចត នៅកម្ពុជា បើហ៊ានដឹករូបខ្ញុំ ឲ្យធ្វើដំណើរតាមយន្តហោះក្រុមហ៊ុនទាំងនោះ។ តែរដ្ឋាភិបាល ទីក្រុងភ្នំពេញ មិនបានប៉ុនប៉ង សុំឲ្យប្រទេសនានា ធ្វើបត្យាបណ្ណ ចំពោះរូបខ្ញុំទេ ពីព្រោះដឹងថាគ្មាននរណាឲ្យតម្លៃ ទៅលើការផ្ទន្ទាទោស ដោយមូលហេតុនយោបាយ មកលើរូបខ្ញុំ ពីសំណាក់តុលាការនៅប្រទេសកម្ពុជា។ 

យុទ្ធសាស្ត្រគណបក្សកាន់អំណាច ក្នុងការប្រើអំពើហិង្សា នៅតែមិនអាចបំពេញបំណងរបស់ អ្នកដែលប្រព្រឹត្តអំពើហិង្សាទាំងនោះ នៅពេលនេះ ក៏ដូចជានៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ ផ្ទុយទៅវិញ ប្រជារាស្ត្របែរមកគាំទ្រ គណបក្សសង្គ្រោះជាតិ កាន់តែខ្លាំងឡើង ចាប់ពីឆ្នាំ ២០១៣។ ផ្ទុយទៅវិញផងដែរ សហគមន៍អន្តរជាតិ ដែលប្រទេសកម្ពុជាត្រូវការជំនួយ ដើម្បីអភិវឌ្ឍ គេផ្តន្ទាទោសការប្រើអំពើហិង្សាទាំងនោះ។ បរាជ័យជៀសមិនផុត របស់ពួកអ្នកដែលប្រើអំពើហិង្សាទាំងនោះ គឺប្រជារាស្ត្រខ្មែរ មានចិត្តកាន់តែមុះមុតថែមទៀត ក្នុងការទាមទារសិទ្ធិសម្រេចវាសនារបស់ខ្លួន។

ការធ្វើទុក្ខបុកម្នេញ មកលើគណបក្សសង្គ្រោះជាតិ បានចេញជារូបភាពមួយទៀត ក្នុងឆ្នាំ ២០១៧ នេះ ក្រោយពីរដ្ឋាភិបាល បានជម្រុញឲ្យរដ្ឋសភា ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលអនុញ្ញាតិឲ្យរដ្ឋាភិបាល រំលាយគណបក្សប្រឆាំង ដោយឈរលើហេតុផលដែលគេអាចបកស្រាយតាមចិត្ត។ ខ្ញុំបានលាលែងពីតំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ ហើយពីសមាជិកភាព នៃគណបក្សនេះ ដើម្បីជៀសវាងកុំឲ្យតុលាការអាយ៉ងរបស់គេ យកការផ្តន្ទាទោសរបស់គេ មកលើរូបខ្ញុំ ធ្វើជាលេស ដើម្បីរំលាយគណបក្ស។ វិសោធនកម្មនោះ មិនបានផ្តល់ប្រយោជន៍អ្វី ឲ្យទៅរដ្ឋាភិបាលទេ ពីព្រោះគណបក្សសង្គ្រោះជាតិ នៅតែរក្សាឯកភាពរបស់ខ្លួនដដែល ទោះជាស្ថិតក្រោមការដឹកនាំរបស់លោក កឹម សុខា តែឯងក៏ដោយ។ វិសោធនកម្មនោះ ក៏អត់ប្រយោជន៍ដែរ ក្នុងការប៉ុនប៉ងបញ្ចប់សកម្មភាពនយោបាយរបស់ខ្ញុំ ពីព្រោះខ្ញុំនៅតែបន្តសកម្មភាពរបស់ខ្ញុំ ទោះជាតាមរូបភាពថ្មីក៏ដោយ ហើយរូបភាពថ្មីនេះ អាចមានប្រសិទ្ធភាពជាងមុនទៅទៀត។ ការបោះឆ្នោតឃុំ-សង្កាត់ ដែលបានរៀបចំធ្វើឡើង ក្នុងខែមិថុនា កន្លងទៅនេះ បាននាំមកនូវជោគជ័យថ្មីទៀត សម្រាប់គណបក្សសង្គ្រោះជាតិ ដែលបានទទួលសម្លេង និងតំណែងថ្នាក់មូលដ្ឋាន ច្រើនជាងកាលពីអាណត្តិមុនឆ្ងាយណាស់ ហើយនេះជាការចាប់ផ្តើមដំណើរការ នៃការផ្លាស់ប្តូរផ្លូវនយោបាយ នៅប្រទេសកម្ពុជា។ ដំណើរការនេះ កំពុងតែបន្ត ទន្ទឹមនឹងការផ្តល់លទ្ធភាព ឲ្យប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោតបន្ថែម ចាប់ពីថ្ងៃ ០១ កញ្ញា។ ការចុះឈ្មោះបោះឆ្នោតបន្ថែមនេះ គឺជាឱកាសចុងក្រោយ ដើម្បីបង្កើនការចូលរួម របស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ ២០១៨ ឲ្យបានច្រើនជាអតិបរមា។ ខ្ញុំនៅតែប្តេជ្ញា វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីបម្រើប្រជារាស្ត្រខ្មែរ ក្នុងគម្រោងរៀបចំប្រទេសឡើងវិញ តាមបែបបទប្រជាធិបតេយ្យ។ 

ធ្វើនៅទីក្រុងប៉ារីស ខែសីហា ឆ្នាំ ២០១៧

សម រង្ស៊ី

--------------------------------------------------------------------------------------------------------------------------------------------------------

Politics has always been a part of my life, even as a child, as my father, Sam Sary, was a prominent politician who, under King Norodom Sihanouk, helped negotiate Cambodia’s independence from France in 1953.

I lost my father when I was 10. Despite the fact that my life and career have always been influenced by his determination to create a free, independent and democratic Cambodia, my essential political beliefs and actions would have been the same even without his example. 

My first involvement in political campaigning came in the 1970s. My family had already been living in exile in Paris for years when the Khmer Rouge came to power. We were stunned when Cambodians began to arrive in France and told of the genocidal horror of the Communist Khmer Rouge regime. My wife, Tioulong Saumura, came up with the idea of a newspaper to give a voice to those who had none. It was produced throughout the Khmer Rouge years, and was called Sereika, which means Liberation.

The Khmer Rouge was overthrown by Vietnamese invasion in 1979. We believed then that King Sihanouk’s Funcinpec party represented the best hope for national salvation. Saumura and I were founding members of Funcinpec in 1981. I returned to Cambodia for the first time since my childhood in 1992, the year after the Paris Peace Agreement was finally signed. This was intended to end fighting between the government and the rump Khmer Rouge. The agreement sought to create a democratic system of governance for Cambodia through free and fair elections. It has yet to be fully implemented.

I abandoned my career as a fund manager in France and threw myself into the project of national rescue. I was privileged to become Cambodia's minister of finance in 1993. What I found was a swamp of corruption linked to the historical weakness of Cambodian state institutions and the inability of the state to collect taxes. Refusing to become compliant in this façade, I was stripped of my ministerial role in 1994. The following year I was expelled from the National Assembly in disregard of the wishes of those who had voted for me.

Funcinpec had found itself cheated of election victory due to the willingness of the government to resort to the threat, and the reality, of violence. The only option for meaningful opposition was to create a new party: this first took the form of the Khmer Nation Party, and then of the Sam Rainsy Party. A small, peaceful protest march organized by the Sam Rainsy Party in Phnom Penh in 1997 was attacked by grenades in an attempt to kill me. At least 16 people died, including my bodyguard, Han Muny, who shielded me from the blast.

Violence in Cambodia has always been self-defeating in that it always leads to an increase in support for the opposition. The Sam Rainsy Party increased in size, chosen by those who felt themselves cheated of their opportunity for self-determination. The ruling Cambodian People's Party retained power by manipulating the elections that it was obliged to hold, with frequent recourse to political assassination. I was repeatedly exiled as the government sought to avoid submitting my party's critique to the verdict of the people.

A turning point came in 2012 with the merger of the Sam Rainsy Party and the Human Rights Party (HRP), led by Kem Sokha. This created a united opposition for the first time: the Cambodia National Rescue Party. I announced my return to Cambodia shortly before the national election of July 2013, and was then given a royal pardon for the politically motivated libel conviction that was used against me. The CNRP scored huge gains in this election, which was marred by large-scale irregularities.  

In the aftermath of the election, I sought to establish constructive dialogue with the government as the masses who had voted for the CNRP continued to demand change.  The result was yet another crackdown. Protesting garment workers were shot dead by police in January 2014.  Democratically elected CNRP parliamentarians were beaten up. CNRP supporters and human rights activists were imprisoned on trumped up charges along with a member of the reformed National Election Committee tasked with improving voter lists. Dr. Kem Ley, a prominent critic of the government, was assassinated in broad daylight in August 2016.  My royal pardon was withdrawn while I was visiting the Cambodian community in South Korea. Airlines were later told that any plane carrying me would not be allowed to land in Cambodia. Yet no attempt has ever been made to extradite me to face my politically motivated convictions which have piled up in the country's courts.

The ruling party strategy of resorting to violence is as futile and self-defeating now as it was in the 1990s. Futile as support for the CNRP has continued to grow since 2013. Futile as it has alienated the international community with which the country's future prosperity is inextricably linked. Self-defeating in that it has strengthened, not weakened, the thirst of Cambodians for the right to determine their own future.

Harassment of the CNRP took a new form with the government's 2017 amendment to the law on political parties which gives it the right to dissolve the opposition for a list of vague reasons. I resigned from the leadership of the CNRP and left the party to avoid my kangaroo court convictions from being used as a pretext to dissolve the party. The amendment was futile in that it has not divided the CNRP, now led by Kem Sokha. Futile in that it has not ended my political career. Local commune elections which took place in June and in which the CNRP achieved signnificant gains compared with 2012 are the start of a process of political change in Cambodia. That process continues with the reopening of the window for voter registration on September 1. This window is the last chance to maximise participation in the national elections scheduled for July 2018. I remain committed to returning to Cambodia and to serving the country's people in a project of democratic renewal.

Sam Rainsy, Paris, August 2017

Flag Counter