១៣ មេសា ២០២០ / 13 April 2020
សារជូនពរក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នេះ ខ្ញុំសូមប្រសិទ្ធិពរជូនបងប្អូនជនរួមជាតិ កូនក្មួយ និងកូនចៅ ព្រមទាំងក្រុមគ្រួសារ នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស សូមឲ្យមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យ ក្នុងកិច្ចការនិងមុខរបរទាំងអស់ សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នា។ ជាមួយគ្នានេះផងដែរ សូមជូនពរឲ្យបងប្អូនជនរួមជាតិ ព្រមទាំងក្រុមគ្រួសារ ជៀសឆ្ងាយផុតពីរោគាទាំងពួង ជាពិសេស ជៀសឆ្ងាយផុតពីជំងឺ កូវីដ-១៩ ដែលកំពុងតែរាតត្បាតទូទាំងពិភពលោក។
ចំពោះប្រទេសកម្ពុជាយើង ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក -- ហើយខ្លួនខ្ញុំនិងអ្នកតស៊ូទាំងអស់ ក្នុងជួរគណបក្សសង្គ្រោះជាតិ និងក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ យើងក៏នឹងខិតខំខ្លួនយើងទាំងអស់គ្នា ធ្វើយ៉ាងណា -- ឲ្យប្រជារាស្ត្រខ្មែរ ចាប់ផ្តើមបានឃើញនូវពន្លឺប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ យ៉ាងពិតប្រាកដ ក្នុងឆ្នាំថ្មីនេះ។
សូមបងប្អូនជនរួមជាតិគ្រប់រូប មេត្តាទទួលនូវសេចក្តីគោរព ស្រលាញ់ និងរាប់អានដ៏ស្មោះស្ម័គ្រ អំពីខ្ញុំ។
សម រង្ស៊ី
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ