២៦ កញ្ញា ២០២០ / 26 September 2020
លោកស្រី អ៊ិន អេម មានឪពុកឈ្មោះ ស្រី អ៊ិន ។ លោក ស្រី អ៊ិន ធ្វើជាគ្រូបង្រៀន និងប្រកបរបរជួញដូរត្រីងៀតរវាងកម្ពុជា និងថៃ ។ លោកតា ស្រី អ៊ិន ធ្លាប់បានបួសរៀនសូត្រក្នុងព្រះពុទ្ធសាសនា និងចេះច្បាស់ភាសាបាលីសំស្ក្រឹត ហើយតែងតែជួយកិច្ចការក្នុងវិស័យព្រះពុទ្ធសាសនា ជាពិសេសនៅពេលមានធ្វើពិធីនៅវត្តអារ៉ាម តែងតែមានវត្តមានគាត់ជានិច្ច ។ ចំណែកម្ដាយរបស់លោកស្រី អ៊ិន អេម មានឈ្មោះថាលោកយាយ អ៊ូ ។ គាត់ជាអ្នកភ្នំពេញ និងជាកូនមន្ត្រីវាំង ។
អ៊ិន អេម គឺជាកូនពៅក្នុងគ្រួសារ ។ គាត់បានបាត់បង់ម្ដាយតាំងតែពីនៅវ័យកុមារម៉្លេះ ហើយគាត់រស់នៅជាមួយម្ដាយមីង ។ កុមារី អ៊ិន អេម មានចំណូលចិត្តក្នុងការរៀនសូត្រ តែម្ដាយមីងរបស់គាត់មិនចង់ឲ្យគាត់ប្រឹងរៀនសូត្រពេកទេ ព្រោះក្នុងសង្គមបែបប្រពៃណីបុរាណរបស់បុព្វបុរសខ្មែរ ការឲ្យតម្លៃលើស្ត្រី ពិតជាមិនត្រូវបានលើកកម្ពស់ឲ្យស្មើនឹងបុរសឡើយ ដោយស្ត្រីគ្រាន់តែជាទាសករបុរស មើលថែកូនចៅ ផ្ទះសម្បែង ជាដើម ដូចពាក្យចាស់ថា«ស្ត្រីបង្វិលជើងក្រានមិនជុំ»។ ម៉្យាងវិញទៀត ម្ដាយមីងរបស់ អ៊ិន អេម ត្រូវការសន្សំសំចៃភ្លើងទៀន ដោយត្រូវពន្លត់ភ្លើងពីក្បាលព្រលប់ ។ ហេតុដូច្នេះហើយ ទើបកុមារី អ៊ិន អេម តែងតែលួចទៅសម្ងំអុចភ្លើងទៀនក្នុងបន្គន់ដើម្បីបានរៀនសូត្រ ។
ការតស៊ូព្យាយាមប្រឹងប្រែងរៀនសូត្រ ធ្វើឲ្យយុវសិស្ស អ៊ិន អេម ក្លាយជាសិស្សពូកែ ហើយត្រូវបានប្រវត្តិសាស្ត្រកត់ត្រាថាជាស្ត្រីខ្មែរដំបូងបង្អស់ ដែលបានបញ្ចប់ការសិក្សាថ្នាក់ ទុតិយភូមិ ដែលគេហៅថា បាក់កាឡូរ៉ែអា (Baccalauréat) ឬសញ្ញាបត្រ មធ្យមសិក្សាបត្រ នៅឥណ្ឌូចិនបារាំងសេស ក្រុងព្រៃនគរ នៅចុងទសវត្សឆ្នាំ១៩៣០ ។ ក្រោយមកគាត់បានធ្វើការងារជាគ្រូបង្រៀន ។
លោកស្រី អ៊ិន អេម បានរៀបការជាមួយលោក សម សារី នៅថ្ងៃទី ២៣ខែធ្នូ ឆ្នាំ១៩៣៩ ខណៈដែលលោក សម សារី ទើបតែប្រឡងជាប់មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា ។ លោកស្រី អ៊ិន អេម និងលោក សម សារី មានកូនប្រុសចំនួន ៤នាក់ និងស្រីម្នាក់ រួមមាន អេម៉្មរ៉ា កើតនៅឆ្នាំ១៩៤០, អេម៉្មរ៉ាន កើតនៅឆ្នាំ១៩៤១, អេម៉្មឫទ្ធិ កើតនៅឆ្នាំ១៩៤៥, មិទ្ធារី កើតនៅឆ្នាំ១៩៤៦ និងលោក សម រង្ស៊ី កើតនៅឆ្នាំ១៩៤៩ ។
លោក សម សារី គឺជាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលសម្ដេចព្រះនរោត្ដម សីហនុ សម័យសង្គមរាស្ត្រនិយម ។ គាត់បានកាន់កាប់តួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីគ្រប់គ្រងក្រសួងមួយចំនួន ហើយក៏ជាអគ្គរាជទូតមួយរូបផងដែរ ៕
លោកស្រី អ៊ិន អេម
លោកស្រី អ៊ិន អេម និងលោក សម សារី ។
លោកស្រី អ៊ិន អេម និងលោក សម សារី ក្នុងថ្ងៃអាពាហ៍ពិពាហ៍ ។
លោកស្រី អ៊ិន អេម និងលោក សម សារី ជាមួយកូនៗទាំង ៥នាក់ ។ លោក សម រង្ស៊ី (រង្វង់ក្រហម) ។
លោកស្រី អ៊ិន អេម ជាមួយកូនៗទាំង ៥នាក់ ។ លោក សម រង្ស៊ី (រង្វង់ក្រហម) ។
លោក សម សារី
គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្ដេចព្រះនរោត្ដម សីហនុ សម័យសង្គមរាស្ត្រនិយម ។ លោក សម សារី រូបភាពទី ៣ ។
គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្ដេចព្រះនរោត្ដម សីហនុ សម័យសង្គមរាស្ត្រនិយម ។ លោក សម សារី ជារដ្ឋមន្ត្រីក្រសួងអប់រំ ។
គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្ដេចព្រះនរោត្ដម សីហនុ សម័យសង្គមរាស្ត្រនិយម ។ លោក សម សារី ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (រូបភាពខាងស្ដាំបង្អស់) ។
លោក សម សារី អង្គុយជិតលោក ទេព ផន (ខាងឆ្វេងលើរូបថត) ក្នុងសន្និសីទអន្តរជាតិ ស្តីពីឥណ្ឌូចិន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីចុងខែកក្កដា ឆ្នាំ ១៩៥៤។ គណៈប្រតិភូកម្ពុជា បានទប់ស្កាត់ដោយជោគជ័យ គម្រោងបរទេស ដែលចង់កាត់ប្រទេសកម្ពុជា ជាពីរផ្នែក ដូចប្រទេសវៀតណាម កាលពីពេលនោះ។ មួយផ្នែក នៃទឹកដីខ្មែរ គេចង់ប្រគល់ឲ្យរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ហើយមួយផ្នែកទៀត គេចង់ប្រគល់ឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សឺង ង៉ុកមិញ ជាស្ថាបនិកគណបក្ស ក្រោមបញ្ជាទីក្រុងហាណូយ។ តាំងពីពេលនោះមក ប្រជារាស្ត្រខ្មែរយល់ច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សក្បត់ជាតិ។
ឯកសារយោង៖
- សៀវភៅ Des racines dans la pierre pages 21 et 22 (ឫសចាក់លើថ្ម) និពន្ធដោយលោក សម រង្ស៊ី ទំព័រទី ២១, ២២ ។
https://www.rainsysam.com/post/100
https://www.amazon.fr
https://calmann-levy.fr
https://www.senscritique.com
- ជីវប្រវត្តិលោក សម រង្ស៊ី ៖ https://www.youtube.com/watch?v=92sZnyteyk4&list=PLLSiu1BV4zPOfvcldRAhjO8nM0MRhqo_6