បទអន្តរាគមន៍លោក សម រង្ស៊ី ជាភាសាអង់គ្លេសដើម្បីរំលឹកខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ១៩៩១ ស្តីពីប្រទេសកម្ពុជា / Video in English for the commemoration of the 30th anniversary of the 1991 Peace Agreements on Cambodia

ចែករំលែក ៖​

២០ តុលា ២០២១ / 20 October 2021 - Video in English for the commemoration of the 30th anniversary of the 1991 Peace Agreements on Cambodia

ក្នុងឱកាសសន្និសីទសារព័ត៌មាន រៀបចំដោយ ក្រុមអ្នកសារព័ត៌មានអន្តរជាតិ នៅប្រទេសថៃ (Foreign Correspondents' Club of Thailand ហៅកាត់ FCCT) កាលពីថ្ងៃ ១៩ តុលា ២០២១ នេះ លោក សម រង្ស៊ី បានលើកឡើងពីលក្ខណៈ នៃការបោះឆ្នោត ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីពីកម្ពុជា។ លោក សម រង្ស៊ី អំពាវនាវឲ្យពិភពលោកទាំងមូល ចៀសវាងកុំទទួលស្គាល់ការបោះឆ្នោតខាងមុខ បើការបោះឆ្នោតខាងមុខនោះ មិនស្របទៅនឹងអ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានកំណត់។ បើពិភពលោក ក្រៅពីប្រទេសចិន មិនទទួលស្គាល់ការបោះឆ្នោត នៅកម្ពុជា ថាជាការបោះឆ្នោតពិតប្រាកដ និងត្រឹមត្រូវទេ ក៏មិនត្រូវទទួលស្គាល់រដ្ឋាភិបាលណា ឬរដ្ឋអំណាចណា ដែលចេញមកពីការបោះឆ្នោតក្លែងក្លាយ បែបនោះ។

សូមស្តាប់ការដកស្រង់ ពីបទអន្តរាគមន៍លោក សម រង្ស៊ី ជាភាសាអង់គ្លេស ដែលមានការបកប្រែជាភាសាខ្មែរ ក្នុងចំណងជើងនៃវីដេអូ តទៅនេះ។

ចំណងជើងនោះ មានសរសេរដូចតទៅ ៖

"កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា គឺជាសន្ធិសញ្ញាអន្តរជាតិ។ រាល់សន្ធិសញ្ញាអន្តរជាតិ ត្រូវតែទទួលបាននូវការគោរពត្រឹមត្រូវ។ បើមិនយ៉ាងដូច្នេះទេ វានឹងផ្តល់គម្រូអាក្រក់ សម្រាប់សន្ធិសញ្ញាអន្តរជាតិដទៃទៀត គឺវានឹងធ្វើឲ្យមានការបាត់បង់ជំនឿ ចំពោះប្រទេសជាហត្ថលេខីទាំងអស់ និងសហគមន៍អន្តរជាតិទាំងមូល។

ខ្ញុំចង់ទាក់ទាញអារម្មណ៍ មកលើមេរៀនទី១ ពីការអនុវត្តន៍ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា។ អង្គការសហប្រជាជាតិ បានចាកចេញពីប្រទេសកម្ពុជា ឆាប់ពេក ពីព្រោះយើងមិនអាចជួយលទ្ធិប្រជាធិបតេយ្យ ឲ្យចាក់ឫសចាក់គល់ ក្នុងរយៈពេលតែមួយឆ្នាំ ឬពីរឆ្នាំប៉ុណ្ណោះ។ ដោយសារតែអង្គការសហប្រជាជាតិ ចាកចេញពីប្រទេសកម្ពុជា ឆាប់ពេក វាបណ្តោយឲ្យកម្លាំងតំណាងឲ្យអំណាចផ្តាច់ការ វិលត្រឡប់មកកាន់អំណាចវិញ ដូចមុន។

មេរៀននេះ ត្រូវបានយកមកអនុវត្ត ក្រោយពីករណីប្រទេសកម្ពុជា គឺក្នុងករណីប្រទេសអតីតយូហ្គោស្លាវី និងប្រទេសទីម័រខាងកើត។ ក្នុងប្រទេសចុងក្រោយទាំងនេះ អង្គការសហប្រជាជាតិ បាននៅជួយមើលខុសត្រូវយូរជាង នៅប្រទេសកម្ពុជា ដើម្បីធានាឲ្យលទ្ធិប្រជាធិបតេយ្យ បានចាក់ឫសចាក់គល់ យ៉ាងពិតប្រាកដ និងរឹងមាំ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានជំពូក ៣ ដ៏សំខាន់។ ជំពូកទី១ គឺការបញ្ចប់សង្គ្រាម។ ជំពូកទី២ គឺការសាងសង់ប្រទេសឡើងវិញ ក្រោយពីសង្គ្រាម។ ជំពូកទី៣ គឺការរៀបចំឲ្យមានប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស។ ជំពូកទី១ និងជំពូកទី២ ត្រូវបានអនុវត្តយ៉ាងល្អប្រសើរ។ តែជំពូកទី៣ ដែលទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ មិនត្រូវបានអនុវត្តត្រឹមត្រូវទេ ហើយនាំឲ្យយើងមានការខកចិត្តយ៉ាងខ្លាំង។ ក្នុងជំពូកទី៣ នេះ ខ្ញុំចង់សង្កត់ធ្ងន់លើ ចំណុចមួយដ៏សំខាន់ជាទីបំផុត គឺការបោះឆ្នោត។

យើងជាអ្នកតស៊ូ ដើម្បីសេរីភាព។ ដោយសារតែយើង ប្រើប្រាស់តែវិធីអហិង្សា តាមនយោបាយសន្តិវិធី យើងរំពឹងតែលើការបោះឆ្នោតមួយគត់ ដើម្បីនាំមកនូវការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានចែងថា ប្រទេសកម្ពុជា ត្រូវរៀបចំការបោះឆ្នោតដ៏ត្រឹមត្រូវ និងពិតប្រាកដ។

ការបោះឆ្នោតដ៏ត្រឹមត្រូវ និងពិតប្រាកដនេះ មានន័យថា ការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងបើកចំហ។ តាំងពីការបោះឆ្នោត រៀបចំដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៩៣ រួចមក ប្រទេសកម្ពុជា មិនដែលបានស្គាល់ការបោះឆ្នោតដោយសេរី យុត្តិធម៌ និងបើកចំហ ដងណាឡើយ។

ខ្ញុំសូមនិយាយក្នុងនាមគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងតែមួយគត់ ដែលគេអាចឲ្យតម្លៃ និងជឿទុកចិត្តបាន។ យើងបានទទួលការគាំទ្រពីប្រជារាស្ត្រ ដល់ទៅ ៤៥ ភាគរយ ទាំងក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ និងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧។ បើមិនមានការលួចបន្លំសន្លឹកឆ្នោតទេ គណបក្សសង្គ្រោះជាតិ ច្បាស់ជាទទួលបានជោគជ័យ លើសលប់ ក្នុងការបោះឆ្នោតទាំងពីរនោះ។

តើស្ថានការណ៍នៅពេលនេះ មានយ៉ាងដូចម្តេចដែរ? គណបក្សសង្គ្រោះជាតិ ត្រូវបានគេរំលាយ ហើយថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើន ត្រូវបានគេហាមឃាត់មិនឲ្យចូលរួម ក្នុងសកម្មភាពនយោបាយណាមួយឡើយ ក្នុងរយៈពេល ៥ ឆ្នាំ ហើយអាចយូរជាងនេះទៅទៀត។

ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានគេរំលាយ គណបក្សកាន់អំណាច បានរៀបចំការបោះឆ្នោតក្លែងក្លាយ ដោយមិនមានគណបក្សប្រឆាំងពិតប្រាកដណាមួយ ចួលរួមប្រកួត។ ដោយសារមិនមានវត្តមានគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ គណបក្សកាន់អំណាច បានដណ្តើមយកអសនៈ ១០០ ភាគរយ គឺ ១២៥ អសនៈ លើ ១២៥ ក្នុងរដ្ឋសភា។

ក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យមែនទែន មិនអាចមានលទ្ធផលបែបនេះបានទេ។ លទ្ធផលបែបនេះ នៅប្រទេសកម្ពុជា គឺបណ្តាលមកពីការរំលាយគណបក្សសង្គ្រោះជាតិ ដែលធ្លាប់តែទទួលបានការគាំទ្រ យ៉ាងតិចពាក់កណ្តាលនគរ ពីប្រជាពលរដ្ឋ។

ការបោះឆ្នោតខាងមុខ មិនអាចចាត់ទុកថាជាការបោះឆ្នោតសេរីបានទេ យោងការគំរាមកំហែង និងការបំភិតបំភ័យ មកលើប្រជាពលរដ្ឋជាទូទៅ ដែលគ្មានសិទ្ធិ និងគ្មានសុវត្ថិភាព ក្នុងការសម្តែងមតិជំទាស់ឡើយ។

ការបោះឆ្នោតខាងមុខនេះ ក៏មិនអាចចាត់ទុកថាយុត្តិធម៌បានដែរ ពីព្រោះការបោះឆ្នោតខាងមុខនេះ គឺនៅតែរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ដដែល។ គ.ជ.ប.នេះ គឺស្ថិតក្រោមការត្រួតត្រា ពីគណបក្សកាន់អំណាច ដែលបញ្ជាឲ្យខ្លួនលួចបន្លំសន្លឹកឆ្នោត ឲ្យគណបក្សកាន់អំណាច។ គ.ជ.ប.សព្វថ្ងៃ មិនត្រឹមតែលួចបន្លំសន្លឹកឆ្នោតទេ តែមានការលួចបន្លំតាំងតែពីឈ្មោះអ្នកបោះឆ្នោតតែម្តង ដូចអ្វីដែលអង្គការសហរដ្ឋអាមេរិក ហៅកាត់ NDI បានលាតត្រដាង។

ចំពោះលក្ខណៈបើកចំហវិញ ការបោះឆ្នោតខាងមុខនេះ គ្មានលក្ខណៈបែបហ្នឹងទាល់តែសោះ ពីព្រោះលោក ហ៊ុន សែន ជ្រើសរើសតែគូប្រកួតណាដ៏ខ្សោយៗ ដែលគាត់ជាអ្នកចិញ្ចឹម តែគាត់មិនអនុញ្ញាតិ ឲ្យមានគូប្រកួតឯករាជ្យខ្លាំងណាមួយ ដូចជាគណបក្សសង្គ្រោះជាតិ ដែលទំនងនឹងទទួលជ័យជំនះលើគណបក្សគាត់។

តើយើងអាចធ្វើយ៉ាងដូចម្តេច ដើម្បីធានាឲ្យមានការបោះឆ្នោតត្រឹមត្រូវ ពិតប្រាកដ នៅពេលខាងមុខនេះ គឺក្នុងឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ និងឆ្នាំ២០២៣ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ?

ដើម្បីធានាឲ្យការបោះឆ្នោតខាងមុខ មានភាពល្អប្រសើរ លោកសេរី ត្រូវតែប្រើអំណាច ផ្នែកប្រាជ្ញា វប្បធម៌ និងសីលធម៌ (Soft power) របស់ខ្លួន ដើម្បីវាយតម្លៃតាមស្តង់ដារប្រជាធិបតេយ្យអន្តរជាតិ ចំពោះការបោះឆ្នោតនីមួយៗ ថាអាចទទួលយកបានឬអត់ (Legitimacy)។

លោក ហ៊ុន សែន ច្បាស់ជានឹងព្រួយបារម្ភណាស់ នៅពេលដែលគាត់ដឹងថាការបោះឆ្នោត ដែលគេមិនទទួលស្គាល់ថាត្រឹមត្រូវ និងស្របច្បាប់ នឹងនាំមកនូវរដ្ឋអំណាចមួយ ដែលគេក៏មិនទទួលស្គាល់ថាត្រឹមត្រូវ និងស្របច្បាប់ដែរ។

ការបោះឆ្នោត នៅកម្ពុជាសព្វថ្ងៃ គឺមិនស្របទៅនឹងអ្វីដែលកំណត់ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើយ ដែលតម្រូវឲ្យកម្ពុជា រៀបចំការបោះឆ្នោតសេរី យុត្តិធម៌ និងបើកចំហ តាមស្តង់ដារអន្តរជាតិ។ ការថ្កោលទោស ពីសហគមន៍អន្តរជាតិ មកលើរបប ហ៊ុន សែន នឹងនាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើរបបនេះ ដែលនឹងបាត់បង់ភាពស្របច្បាប់របស់ខ្លួនតែម្តង។

ដូច្នេះ លោក ហ៊ុន សែន ត្រូវគិតពិរចារណាឡើងវិញ ឲ្យបានស៊ីជម្រៅ អំពីលក្ខណៈ នៃការបោះឆ្នោតខាងមុខ។"

ព័ត៌មានថ្មីបំផុត
លទ្ធផល នៃការបោះឆ្នោត ប្រកាសដោយ គ.ជ.ប. និងគណបក្សប្រជាជនកម្ពុជា មិនអាចយកជាការ បានទេ / Sam Rainsy rejects election results proclaimed by NEC (*)
ការបង្ក្រាបកាន់តែសាហាវ មកលើគណបក្សប្រឆាំង បង្ហាញពីភាពទន់ខ្សោយរបស់ ហ៊ុន សែន ក្រោយពីការបោះឆ្នោតឃុំ-សង្កាត់ / Cambodia’s Hun Sen Shows His Weakness With Post-election Repression
ហ៊ុន សែន បញ្ចុះអាយុ ដើម្បីក្រាញអំណាចបានមួយឆ្នាំទៀត / Hun Sen changes his date of birth to appear younger and stay longer in power.
ប៊ុន រ៉ានី ហ៊ុន សែន ជាអ្នកបញ្ជា ឲ្យគេសម្លាប់ ពិសិដ្ឋ ពីលិកា ក្នុងឆ្នាំ ១៩៩៩ / Hun Sen's wife, murderer Bun Rany presides over Cambodia's Bloody Red Cross
ការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃ ៥ មិថុនា បានបញ្ចប់ប្រព័ន្ធបក្សតែមួយ នៅកម្ពុជា / Cambodia’s Local Elections Have Ended Hun Sen’s One-Party System / Les élections locales du 5 juin ont mis fin au système de parti unique au Cambodge
Flag Counter