ការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃ ៥ មិថុនា បានបញ្ចប់ប្រព័ន្ធបក្សតែមួយ នៅកម្ពុជា / Cambodia’s Local Elections Have Ended Hun Sen’s One-Party System / Les élections locales du 5 juin ont mis fin au système de parti unique au Cambodge

ចែករំលែក ៖​

១៧ មិថុនា ២០២២ / 17 June 2022 - Translation from English and French for Cambodian readers.

ខាងក្រោមនេះ ជាការបកប្រែទាំងស្រុង ជាភាសាខ្មែរ ពីអត្ថបទមួយ ជាភាសាអង់គ្លេស មានចំណងជើង "CAMBODIA'S LOCAL ELECTIONS HAVE ENDED HUN SEN'S ONE-PARTY SYSTEM" និងពីអត្ថបទមួយទៀត ជាភាសាបារាំង មានចំណងជើង "LES ELECTIONS LOCALES DU 5 JUIN ONT MIS FIN AU SYSTEME DE PARTI UNIQUE AU CAMBODGE"

ការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃ ៥ មិថុនា បានបញ្ចប់ប្រព័ន្ធបក្សតែមួយ នៅកម្ពុជា

អត្ថបទនិពន្ធដោយ សម រង្ស៊ី

អ្នកសង្កេតការណ៍ភាគច្រើន បាននិយាយថា ការបោះឆ្នោតឃុំ-សង្កាត់ នៅកម្ពុជា កាលពីថ្ងៃ ០៥ មិថុនា កន្លងទៅនេះ គឺបានផ្តល់ជ័យជំនះ “ភ្លូកទឹកភ្លូកដី” ឲ្យទៅគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមនេះ គេថា គណបក្សប្រឆាំង បានទទួលបរាជ័យ “យ៉ាងអាម៉ាស”។

ខ្ញុំសូមបកស្រាយលទ្ធផល នៃការបោះឆ្នោតនេះ តាមទស្សនៈ ខុសពីអ្នកសង្កេតការណ៍ខាងលើ។ យើងអាចចាប់ផ្តើម ដោយធ្វើលំហាត់មួយ ឈរលើតក្កវិទ្យា (ឡូហ្សិក ឬ Logique) នយោបាយ។

លទ្ធផល ដែលផ្ទុយស្រឡះ ពីតក្កវិទ្យានយោបាយ

សូមស្រម៉ៃមើលជាទ្រឹស្តី ករណីគណបក្សនយោបាយមួយ ដែលមានលក្ខណៈដូចតទៅ ៖

- មកដល់ប៉ុន្មានខែប៉ុណ្ណោះ មុនថ្ងៃបោះឆ្នោត គណបក្សនេះ បានបាត់បង់ធនធានមនុស្ស និងធនធានសម្ភារៈរបស់ខ្លួនទាំងអស់ ហើយបាននៅជាសម្បកទទេប៉ុណ្ណោះ ដែលត្រូវគេបោះបង់ចោល អស់រយៈពេល ១០ ឆ្នាំកន្លងមកហើយ។

- ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនោះ ប្រធានស្ថាបនិកគណបក្សនេះ ត្រូវបានគេបង្ខំឲ្យចាកចេញពីប្រទេសកម្ពុជា រយៈពេល ៨ ឆ្នាំ ហើយគាត់នៅតែត្រូវនិរទេសខ្លួន នៅឯបរទេស មកដល់សព្វថ្ងៃ។

- ប្រធានស្ថាបនិកនេះ ដែលបានឲ្យឈ្មោះខ្លួនទៅគណបក្សនោះ ត្រូវបានគេផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររាប់សិបឆ្នាំ ដោយសារតែមូលហេតុនយោបាយសុទ្ធសាធ ហើយរដ្ឋអំណាចវាយប្រហារគាត់ ថាជាទណ្ឌិត ដែលអ្នកដទៃទៀត ត្រូវបានហាមឃាត់មិនឲ្យមានទំនាក់ទំនង។

- ថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សនេះ ត្រូវបានគេហាមឃាត់ដូចគ្នា មិនឲ្យធ្វើនយោបាយ ភាគច្រើន បានទទួលសាលក្រម ឲ្យជាប់ពន្ធនាគារ ហើយត្រូវបានគេចាត់ទុកជាទណ្ឌិត ដូចប្រធានស្ថាបនិកអញ្ចឹងដែរ។

- គណបក្សនេះ បាត់បង់ក្បាលម៉ាស៊ីនរបស់ខ្លួនទាំងអស់ ព្រមទាំងអស់មានឈាមអ្វីនៅក្នុងខ្លួនទៀតឡើយ។ លើសពីនេះទៅទៀត គណបក្សនេះត្រូវបានគេគំរាម ថាគេអាចនឹងរំលាយចោល គ្រប់ពេលវេលា ដែលជាហេតុធ្វើឲ្យអ្នកដែលមានទឹកចិត្តគាំទ្រគណបក្សនេះ ញញើតមិនហ៊ានបោះឆ្នោតឲ្យគណបក្សនេះឡើយ។

តើគណបក្សបែបនេះ អាចមានសេចក្តីសង្ឃឹមដល់កម្រិតណា មុនការបោះឆ្នោតក្នុងទ្រង់ទ្រាយធំណាមួយ?

បើតាមតក្កវិទ្យានយោបាយ គណបក្សនេះមិនអាចសង្ឃឹមអ្វីទាល់តែសោះ ដោយសារតែតាមការប្រមើលមើល គ្មាននរណាហ៊ានទៅបោះឆ្នោតឲ្យគណបក្សនេះឡើយ។

តាមការពិត គណបក្សនេះ មានរូបរាងយ៉ាងជាក់ស្តែង នៅកម្ពុជា ហើយមានឈ្មោះ គណបក្សភ្លើងទៀន។ តែលទ្ធផល ដែលគណបក្សនេះ បានទទួលក្នុងការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃ០៥ មិថុនា កន្លងទៅនេះ គឺខុសស្រឡះពីតក្កវិទ្យានយោបាយ។

ដូចសត្វបក្សីទិព្វក្នុងរឿងព្រេងក្រិក (Grec) ដែលរស់ឡើងវិញពីផេះ ក្រោយពីត្រូវបានភ្លើងឆេះរលាយខ្លួន (Le Phénix qui renaît de ses cendres)

ទោះជាគេអាចចាត់ថាដូចជាស្លាប់ទៅហើយ គណបក្សភ្លើងទៀន បានទទួលសំឡេងឆ្នោត ២២% ហើយបានក្លាយទៅជាគណបក្សនយោបាយ លំដាប់ថ្នាក់ទី២ នៅកម្ពុជា ទោះជាប្រព័ន្ធបោះឆ្នោតសព្វថ្ងៃ បើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជា លួចបន្លំសន្លឹកឆ្នោតយ៉ាងណាក៏ដោយ។

គួរឲ្យភ្ញាក់ផ្អើលលើសពីនេះទៅទៀត សំឡេងឆ្នោត ១,៦ លានសន្លឹក ដែលគណបក្សភ្លើងទៀន បានទទួលជាផ្លូវការ បានបង្ហាញការកើនឡើង ៣០% ប្រៀបធៀបទៅនឹងសំឡេងឆ្នោត ដែលគណបក្សនេះបានទទួល ក្នុងការបោះឆ្នោតឃុំ-សង្កាត់ដូចគ្នា នៅឆ្នាំ ២០១២ គឺនៅពេលដែលគណបក្សនេះ បានបញ្ឈប់រាល់សកម្មភាពរបស់ខ្លួន កាលពី ១០ ឆ្នាំមុន។

ដូច្នេះ គណបក្សភ្លើងទៀន មិនត្រឹមតែបានរស់ឡើងវិញពីផេះ ហើយបង្ហាញរូបរាងដូចមុនទេ តែបានរីកធំធាត់លើសមុនទៅទៀត ទោះជាភ្លើងនៅតែឆាបឆេះ ក្នុងរូបភាពការបង្ក្រាប និងធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង មកលើគណបក្សប្រឆាំង យ៉ាងណាក៏ដោយ។

អវតាគណបក្សប្រឆាំង

ដើម្បីឆ្លងកាត់ឧបសគ្គ និងចៀសវាងការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង ក្រោមរបបផ្តាច់ការ គណបក្សប្រឆាំងដ៏ធំជាងគេ ហើយដែលប្រឆាំងយ៉ាងពិតប្រាកដ ត្រូវតែប្តូរឈ្មោះតាមស្ថានការណ៍តម្រូវ។ ខ្ញុំបានបង្កើតគណបក្សប្រឆាំង ក្នុងរដ្ឋសភា មុនបង្អស់ ក្នុងឆ្នាំ ១៩៩៨។ ខ្ញុំបានឲ្យឈ្មោះគណបក្សនេះជា “គណបក្ស សម រង្ស៊ី” ដើម្បីចៀសវាងកុំឲ្យគេលួចឈ្មោះ ដូចក្នុងករណី “គណបក្សជាតិខ្មែរ”។ ខ្ញុំបានបង្កើតគណបក្សជាតិខ្មែរ ក្នុងឆ្នាំ ១៩៩៥ តែបក្ខពួកលោក ហ៊ុន សែន បានលួចឈ្មោះគណបក្សនេះ ក្នុងឱកាសរដ្ឋប្រហារ ឆ្នាំ ១៩៩៧។

ប្រជាប្រិយភាពគណបក្ស សម រង្ស៊ី បានកើនឡើងពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ រហូតដល់ការច្របាច់ចូល ជាមួយគណបក្សសិទ្ធិមនុស្ស ក្នុងឆ្នាំ ២០១២។ ទោះជានៅពេលនោះ គណបក្សសិទ្ធិមនុស្ស មានតំណាងរាស្ត្រនៅរដ្ឋសភា តែ ៣ នាក់ ប្រៀបធៀបទៅនឹង ២៦ នាក់ចំពោះគណបក្ស សម រង្ស៊ី យ៉ាងណាក៏ដោយ ការច្របាច់ចូលគ្នានេះ បាននាំមកនូវសន្ទុះថ្មីមួយយ៉ាងខ្លាំង ដល់ចលនាប្រឆាំងតាមបែបបទប្រជាធិបតេយ្យ ដែលចេះរួបរួមគ្នាលើកទីមួយ ជាធ្លុងមួយ ក្រោមស្លាកគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិនេះ បានទទួល ៥៥ កៅអីនៅរដ្ឋសភា ក្នុងការបោះឆ្នោត ឆ្នាំ ២០១៣ គឺ ៤៤% គិតជាសំឡេងឆ្នោត ទោះជាមានការលួចបន្លំសន្លឹកឆ្នោតច្រើនយ៉ាងណាក៏ដោយ ពីសំណាក់គណបក្សកាន់អំណាច។

ទោះជាគណបក្ស សម រង្ស៊ី ដែលមានខ្ញុំជាប្រធាន បានផ្ទេរថ្នាក់ដឹកនាំ ធនធាន រចនាសម្ព័ន្ធ និងអ្នកគាំទ្ររបស់ខ្លួន ឲ្យច្របាច់ចូលគ្នា ជាមួយគណបក្សសិទ្ធិមនុស្សយ៉ាងណាក៏ដោយ តែគណបក្ស សម រង្ស៊ី នេះ មិនត្រូវបានរំលាយទេ ពីព្រោះយើងត្រូវរក្សាសម្បកទទេនេះ ដើម្បីរក្សាតំណែងសមាជិកព្រឹទ្ធសភា ដែលបានជាប់ឆ្នោត ក្រោមស្លាកគណបក្ស សម រង្ស៊ី។

នៅខែកញ្ញា ២០១៧ ដោយមានការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងឡើង ជាពិសេស សំដៅមករូបខ្ញុំ ដែលគេចោទថាជា “ទណ្ឌិត” ដែលមិនត្រូវមានឈ្មោះ ជាប្រធានគណបក្សណាឡើយ គណបក្ស សម រង្ស៊ី បានប្តូរឈ្មោះរបស់ខ្លួន ទៅជាគណបក្សភ្លើងទៀន។ យើងបានជ្រើសរើសឈ្មោះថ្មីនេះ ដើម្បីរំលឹកថា គណបក្ស សម រង្ស៊ី មានពន្លឺភ្លើងទៀន ជារូបសញ្ញា។ ក្រោយមក សម្បកទទេនេះ ស្រាប់តែមានប្រយោជន៍ម្យ៉ាងទៀត គឺប្រមូលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេរំលាយ នៅខែវិច្ឆិកា ២០១៧ ឲ្យមានលទ្ធភាពមកជ្រកក្រោមស្លាកស្របច្បាប់ មួយផ្សេងទៀត។ អត្តសញ្ញាណស្របច្បាប់ថ្មីនេះ សម្រាប់អ្នកប្រជាធិបតេយ្យខ្មែរ បានក្លាយទៅជាការចាំបាច់ នៅចុងឆ្នាំ ២០២១ ដើម្បីរៀបចំចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០២២។

ប្រព័ន្ធឯកបក្ស ត្រូវបានបញ្ចប់

ការរស់ឡើងវិញ នៃគណបក្សភ្លើងទៀន ធ្វើឲ្យឆាកនយោបាយ នៅកម្ពុជា ប្រែប្រួលយ៉ាងខ្លាំង តែមួយរំពេច។ ប្រព័ន្ធបក្សតែមួយ ដូចកាលពីសម័យកុម្មុយនីស្ត បានកើតឡើងវិញ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ ដោយអត្តនោម័ត នៅឆ្នាំ ២០១៧ ពីព្រោះគណបក្សសង្គ្រោះជាតិនេះ ជាគណបក្សប្រឆាំងតែមួយគត់ ក្នុងរដ្ឋសភា។ តែឥឡូវនេះ ក្រោយពីបានទទួលអសនៈចំនួន ១៨% នៃចំនួនអសនៈសរុប នៃក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សភ្លើងទៀន បានវាយបំបែកប្រព័ន្ធបក្សតែមួយ នៅថ្នាក់មូលដ្ឋាន។

សន្ទុះ គណបក្សភ្លើងទៀននេះ នឹងវាយបំបែកប្រព័ន្ធបក្សតែមួយ នៅថ្នាក់ជាតិ នៅឆ្នាំ ២០២៣ ដូចនៅថ្នាក់មូលដ្ឋាន នៅឆ្នាំ ២០២២ នេះ អញ្ចឹងដែរ។ តាមរយៈគណបក្សភ្លើងទៀន ចលនាប្រឆាំង នឹងប្រជ្រៀតខ្លួន ចូលក្នុងរដ្ឋសភា ក្រោយពីការបោះឆ្នោតជាតិ ក្នុងខែកក្កដា ២០២៣។ យោងសន្ទុះបច្ចុប្បន្ន នៃគណបក្សភ្លើងទៀន របាយការណ៍ផ្លូវការមួយ ពីគណបក្សប្រជាជនកម្ពុជា បានព្យាករណ៍ថា គណបក្សភ្លើងទៀន នឹងទទួលបានអសនៈ ចំនួន ២១ (លើ ១២៥) ក្នុងរដ្ឋសភា នៅឆ្នាំ ២០២៣ និងអសនៈចំនួន ៩ (លើ ៥៨) ក្នុងព្រឹទ្ធសភា នៅឆ្នាំ ២០២៤។ ការវិវត្តន៍បែបនេះ នឹងធ្វើឲ្យប្រទេសកម្ពុជា វិលត្រឡប់ទៅរកប្រព័ន្ធពហុបក្សវិញ ដូចមុនការរំលាយគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិនេះ ធ្លាប់ធ្វើជាគណបក្សប្រឆាំងតែមួយគត់ នៅរដ្ឋសភា។ ចាប់ពីឆ្នាំ ២០២៣ ទៅ គណបក្សសង្គ្រោះជាតិ នឹងត្រូវបានជំនួសដោយគណបក្សភ្លើងទៀន ទាំងនៅក្នុងរដ្ឋសភា ទាំងនៅក្នុងព្រឹទ្ធសភា។

ដោយសារមានបក្សធំៗតែពីរគត់ គណបក្សភ្លើងទៀន មានតួនាទី ដែលគ្មាននរណាអាចរំលងបាន ក្នុងការជម្រុញឲ្យរៀបចំកំណែទម្រង់ផ្សេងៗជាចាំបាច់ ជាពិសេស កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលបច្ចុប្បន្ន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាទាំងស្រុង។ បើគ្មានកំណែទម្រង់ គ.ជ.ប. ទេ រាល់ការបោះឆ្នោតនៅកម្ពុជា ទៅថ្ងៃមុខ មិនអាចយកជាការបានទេ ហើយក៏មិនអាចមានភាពស្របច្បាប់បានដែរ សម្រាប់សាធារណមតិជាតិ និងអន្តរជាតិ។

កាលពីដើមឆ្នាំ ២០២២ នេះ ខ្ញុំបានទស្សន៍ទាយការរស់ឡើងវិញ នៃគណបក្សប្រឆាំងដ៏ធំមួយ នៅកម្ពុជា ក្រោមស្លាកថ្មីមួយទៀត ក្នុងទស្សនាវដ្ដីអន្តរជាតិជាច្រើន។ ខ្ញុំនៅតែជឿជាក់ថា គ្មានជនផ្តាច់ការណា អាចរំលាយឆន្ទៈប្រជារាស្ត្រខ្មែរទាំងមូល ដែលចង់ឲ្យមានការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យ បានទេ។

ការប្រៀបធៀបរវាង គណបក្សភ្លើងទៀន និង គណបក្សសង្គ្រោះជាតិ

ទោះជាគណបក្សភ្លើងទៀន បានប្រមូល “តែ” ៥២% នៃសំឡេង ដែលបានគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០១៧ យ៉ាងណាក៏ដោយ ក៏ទាំងអស់គ្នាត្រូវយល់ថា នេះជាសមិទ្ធិផលដ៏អស្ចារ្យមួយ យោងការលំបាក និងឧបសគ្គជាច្រើន ដែលចលនាប្រឆាំង បានជួបប្រទះ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ។

តាមធម្មតា គេមិនអាចផ្ទេរការគាំទ្រ ពីគណបក្សមួយ ទៅគណបក្សមួយទៀត យ៉ាងងាយស្រួល និងយ៉ាងឆាប់រហ័ស បានទេ។ ការផ្ទេរសំឡេង ៥២% ពីគណបក្សសង្គ្រោះជាតិ មកគណបក្សភ្លើងទៀន ក្រោមសម្ពាធមួយដ៏ធ្ងន់ពីរដ្ឋអំណាច និងដោយប្រើពេលវេលាតែប៉ុន្មានខែប៉ុណ្ណោះ គឺជាស្នាដៃមួយដ៏សម្បើមរបស់អ្នកប្រជាធិបតេយ្យខ្មែរ។

ការគាំទ្រពីប្រជារាស្ត្រ មិនអាចផ្ទេរបានយ៉ាងងាយស្រួល ដូចការផ្ទេរចរន្តអគ្គិសនីទេ ដែលគេអាចផ្ទេរទាំងស្រុង មួយរំពេច ពីខ្សែភ្លើងមួយ ទៅខ្សែភ្លើងមួយទៀត។

ដូចបានពន្យល់ពីខាងលើរួចមកហើយ មកដល់តែប៉ុន្មានខែប៉ុណ្ណោះ មុនការបោះឆ្នោត គណបក្សភ្លើងទៀន គ្រាន់តែជាសម្បកទទេមួយ ដែលរចនាសម្ព័ន្ធ ត្រូវបានខ្ចាត់ខ្ចាយ ហើយដែលថ្នាក់ដឹកនាំជាប្រវត្តិសាស្ត្រទាំងអស់ បានបាត់បង់សេរីភាព ឬក៏អវត្តមានពីប្រទេស។ គេអាចចាត់ទុកគណបក្សនេះ ដូចជាស្លាប់ទៅហើយ។ ការសម្រេចឲ្យគណបក្សនេះរស់ឡើងវិញភ្លាមជាបន្ទាន់ ពីព្រោះគ្មានផ្លូវណាផ្សេងទៀត សម្រាប់ចលនាប្រជាធិបតេយ្យ ត្រូវបានរដ្ឋអំណាចបង្ក្រាបយ៉ាងសាហាវមួយរំពេច។ នៅថ្ងៃ ០២ មិថុនា គឺ ៣ ថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោត ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងថា ខ្លួន “ខ្វល់ខ្វាយយ៉ាងខ្លាំង ចំពោះការគំរាមកំហែង ការបំភិតបំភ័យ និងការរាំងខ្ទប់ មកលើបេក្ខជនគណបក្សប្រឆាំង” ហើយគេក៏បានបញ្ជាក់ថា “ជាពិសេស គណបក្សភ្លើងទៀន ត្រូវប្រឈមបរិយាកាសនយោបាយមួយ ដែលមិនអនុញ្ញាតិឲ្យធ្វើអ្វីបានឡើយ”។

ការលំបាកធំជាងគេ សម្រាប់គណបក្សភ្លើងទៀន គឺកង្វះខាតមធ្យោបាយទំនាក់ទំនង និងមធ្យោបាយផ្សព្វផ្សាយព័ត៌មាន។ តើត្រូវពន្យល់តាមរបៀបណា ក្នុងរយៈពេលដ៏ខ្លីបំផុត ដល់អ្នកដែលធ្លាប់បានគាំទ្រគណបក្សសង្គ្រោះជាតិ អំពីយុទ្ធវិធីថ្មី នៃចលនាប្រឆាំង ហើយតើត្រូវស្នើសុំតាមរបៀបណា ឲ្យអ្នកប្រជាធិបតេយ្យទាំងអស់ បោះឆ្នោតលើកនេះ ឲ្យគណបក្សភ្លើងទៀន? សំណួរនេះ ពិបាកឆ្លើយណាស់ ពីព្រោះស្ថានីយ៍ទូរទស្សន៍ទាំងអស់ ស្ថិតក្រោមការគ្រប់គ្រង របស់គណបក្សប្រជាជនកម្ពុជា ហើយការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត (Internet) ក៏ត្រូវបានគណបក្សប្រជាជនកម្ពុជានេះ រឹតត្បិតដែរ តាមគម្រូចិនកុម្មុយនីស្ត បន្ទាប់ពីទទួលបានជំនួយពីអ្នកបច្ចេកទេសចិន ក្នុងការរឹតត្បិតបណ្តាញសង្គម។

សន្និដ្ឋាន

ការបញ្ចប់ប្រព័ន្ធបក្សតែមួយ ដោយសារតែការរស់ឡើងវិញ នៃគណបក្សភ្លើងទៀន ធ្វើឲ្យប្រទេសកម្ពុជា វិលត្រឡប់ទៅរកផ្លូវ “ប្រជាធិបតេយ្យ សេរី ពហុបក្ស” វិញ ដូចមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១។

តាមរយៈការជួយរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ពិតប្រាកដ ចាប់ពីឆ្នាំ ២០២៣ ទៅ សហគមន៍អន្តរជាតិ ដឹកនាំដោយប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់ ក្នុងពិភពលោក នឹងមានលទ្ធភាពជួយឲ្យលទ្ធិប្រជាធិបតេយ្យ ចាក់ឫសចាក់គល់យ៉ាងពិតប្រាកដ នៅប្រទេសកម្ពុជា។

មានតែលទ្ធិប្រជាធិបតេយ្យទេ ដែលអាចធានាឯករាជ្យភាព និងអព្យាក្រិតភាព នៃប្រទេសកម្ពុជា។ ក្នុងបរិបទសភាពការណ៍កាន់តែតានតឹងឡើង នៅលើដែនសមុទ្រចិនខាងត្បូង ឯករាជ្យភាព និងអព្យាក្រិតភាព នៃប្រទេសកម្ពុជានេះ ជាកត្តាដ៏សំខាន់ ដើម្បីពង្រឹងសន្តិភាព និងស្ថេរភាព ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។

សម រង្ស៊ី

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ

ស្ថាបនិកគណបក្សភ្លើងទៀន

CAMBODIA'S LOCAL ELECTIONS HAVE ENDED HUN SEN'S ONE-PARTY SYSTEM

LES ELECTIONS LOCALES DU 5 JUIN ONT MIS FIN AU SYSTEME DE PARTI UNIQUE AU CAMBODGE

Flag Counter