២៥ មិថុនា ២០២២ / 25 June 2022
ហ៊ុន សែន បញ្ចុះអាយុ ដើម្បីក្រាញអំណាចបានមួយឆ្នាំទៀត
គួរឲ្យអស់សំណើច តាមធម្មតា គេបញ្ចុះអាយុកាលពីនៅក្មេង ដើម្បីបានចូលរៀនថ្នាក់បឋមសិក្សា ទោះបីលើសអាយុបន្តិចបន្តួក៏ដោយ។ តែ ហ៊ុន សែន ចាំទាល់តែគាត់អាយុ ៧០ ឆ្នាំ ទើបបញ្ចុះអាយុមួយឆ្នាំ ដើម្បីបានក្រាញអំណាចបានមួយឆ្នាំទៀត។ គាត់មិនចង់ឲ្យផុត ៧០ ឆ្នាំ ជាផ្លូវការ ដែលជាអាយុសមរម្យ សម្រាប់អ្នកនយោបាយខ្មែរ ចូលនិវត្តន៍។
រហូតដល់ប្រមាណ ៥០ ឆ្នាំមុន កូនខ្មែរមួយចំនួន ដែលកើតនៅជនបទ មិនស្គាល់ថ្ងៃខែកំណើតរបស់ខ្លួនច្បាស់លាស់ទេ ពីព្រោះនៅពេលនោះ មិនទាន់មានអត្រានុកូលដ្ឋាន ដូចសព្វថ្ងៃទេ។ តែយ៉ាងហោចណាស់ គេនៅចាំឆ្នាំកំណើតរបស់គេ គិតជាឆ្នាំខ្មែរ ដូចជា ឆ្នាំខាល ឬ ឆ្នាំរោង។ គេមិនអាចច្របូកច្របល់ឆ្នាំបានទេ ដោយសារតែគេនៅចាំអ្វីដែលម៉ែឪបានប្រាប់។
ក្នុងករណី ហ៊ុន សែន ការបញ្ចុះអាយុ គឺជារឿងនយោបាយសុទ្ធសាធ ដើម្បីក្រាញអំណាចបានយូរបន្តិចទៀត ទោះបីមានមនុស្សក្មេងជាង ហ៊ុន សែន ជាច្រើន ដែលអាចជំនួសគាត់គ្រប់ពេលវេលា យ៉ាងណាក៏ដោយ។
រឿងមួយទៀតដ៏សំខាន់សម្រាប់ ហ៊ុន សែន គឺគាត់នឹងត្រូវនគរបាលអន្តរជាតិ តាមចាប់ខ្លួន នៅពេលដែលគាត់បាត់បង់តំណែងជានាយករដ្ឋមន្ត្រី ដោយសារតែតុលាការបារាំង បានវែកមុខ ហ៊ុន សែន ថាជាអ្នកបញ្ជា ហ៊ីង ប៊ុនហៀង និង ហ៊ុយ ពិសិដ្ឋ ឲ្យប្រព្រឹត្តអំពើភេរវកម្ម នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧។ ពេលនេះ មិនទាន់អាចចាប់ ហ៊ុន សែន បានទេ ពីព្រោះគាត់មាន អភ័យឯកសិទ្ធិការទូត (diplomatic immunity) ក្នុងឋានៈគាត់ជានាយករដ្ឋមន្ត្រី។ តែ ហ៊ីង ប៊ុនហៀង និង ហ៊ុយ ពិសិដ្ឋ ត្រូវបានតុលាការបារាំង ចេញដីកាឲ្យចាប់ខ្លួន រួចហើយ នៅថ្ងៃ ៣០ ធ្នូ ២០២១។
ដូច្នេះ ឆ្នាំក្រោយ ហ៊ុន សែន នឹងរកលេសមួយទៀត ដើម្បីក្រាញអំណាចតទៅទៀត ពីព្រោះគាត់ភ័យពីនគរបាលអន្តរជាតិ តាមចាប់ខ្លួនគាត់ យកទៅកាត់ទោស នៅចំពោះមុខតុលាការ ប្រទេសបារាំង។ ហ៊ុន សែន មិនបារម្ភពីគេនឹងថា សូម្បីតែកូនគាត់ ហ៊ុន ម៉ាណែត ក៏អសមត្ថភាព មិនអាចមកជំនួសគាត់បានទេ គឺមានតែខ្លួនគាត់ម្នាក់ឯងគត់ ដែលជាអាទិទេពដ៏អស្ចារ្យ ដែលអាចដឹកនាំប្រទេសកម្ពុជាបាន។ សម្រាប់កូនខ្មែរកើតចេញពីគ្រួសារសាមញ្ញរាប់លាននាក់ ក៏មិនអាចមកជំនួសគាត់បានដែរ។ បុគ្គលនេះ ឆ្កួតមែនទែនហើយ។