០២ តុលា ២០២២ / 02 October 2022
ក្នុងការដឹកនាំប្រទេសកម្ពុជា ទៅថ្ងៃមុខ តើយើងត្រូវការយុវជនបន្តពូជ ឬ យុវជនបន្តវេន?
The Cambodian people, regardless of their political affiliation, oppose the current plan to found a political dynasty because Cambodia is not the private property of Hun Sen's family.
វាជាមហាគ្រោះថ្នាក់ សម្រាប់ប្រទេសជាតិ បើយើងទុកឲ្យគ្រួសារតែមួយ ដឹកនាំប្រទេសកម្ពុជា ជារៀងរហូត។
គ្មានបុគ្គលណាម្នាក់ គ្មានគ្រួសារណាមួយ មានសិទ្ធិចាប់យកប្រទេសកម្ពុជា ធ្វើដូចជាកម្មសិទ្ធិឯកជនរបស់ខ្លួនបានទេ ពីព្រោះប្រទេសកម្ពុជា ជាមាតុភូមិរបស់យើងទាំងអស់គ្នា។
ហ៊ុន សែន គ្មានសិទ្ធិចាត់ទុកតំណែងជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដូចតំណែងជាថៅកែនៃក្រុមហ៊ុនឯកជនរបស់គាត់បានទេ ហើយគាត់ក៏គ្មានសិទ្ធិផ្ទេរតំណែង ដែលគាត់ចាត់ទុកយ៉ាងងើល ដូចជាថៅកែនេះ ឲ្យទៅកូនគាត់បានឡើយ។
ក្នុងកិច្ចការឯកជន បុគ្គលម្នាក់ៗ មានសិទ្ធិលើកបន្តុបកូនរបស់ខ្លួនតាមចិត្ត តែចំពោះកិច្ចការប្រទេសជាតិ មិនអាចធ្វើយ៉ាងដូច្នេះបានទេ។
វាជាការមើលងាយ ដល់គ្រួសារខ្មែរដទៃទៀត រាប់លានគ្រួសារ ពេលណាមានគ្រួសារតែមួយ គ្រួសារដដែល គឺគ្រួសារ ហ៊ុន សែន នៅក្រាញអំណាច តកូន តចៅ។
ហ៊ុន សែន ដែលជាជនពាល ចេញមកពីត្រកូលបាតផ្សារ ហើយដែលបានបំផ្លិចបំផ្លាញជាតិ និងធ្វើបាបរាស្ត្រជិត ៤០ ឆ្នាំកន្លងមកហើយ កំពុងតែចាប់យកគណបក្សប្រជាជនកម្ពុជា ធ្វើជាចំណាប់ខ្មាំង និងជាឈ្នាន់ ដើម្បីលើកបន្តុបកូនខ្លួន ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសខ្លួន ពេលខ្លួនចាស់ពេក ធ្វើការលែងបាន។
ហ៊ុន សែន ចេះតែអួតពីសមត្ថភាពកូនគាត់។ តែតាំងពីគាត់បានលើកបន្តុបកូនគាត់ ២០ ឆ្នាំមកហើយ ឲ្យមកធ្វើការក្បែរគាត់ គេមិនដែលឃើញកូនគាត់បង្ហាញពីសមត្ថភាពអ្វី ឬបញ្ចេញស្នាដៃអ្វី គួរឲ្យកត់សម្គាល់ឡើយ។ កូនគាត់នេះ ចេះតែលើកតម្កើង និងកោតសរសើរ រាល់ទង្វើអាក្រក់ទាំងអស់របស់ឪខ្លួន។ បើនិយាយពីចំណេះដឹងវិញ កូនគាត់នេះ បានទៅចូលរៀនពីដំបូង នៅសាលាយោធាសហរដ្ឋអាមេរិក ដោយសារតែការយោគយល់ផ្លូវទូត និងផ្លូវនយោបាយ តែប៉ុណ្ណោះ ពីព្រោះឪពុក មានបុណ្យសក្តិធំ នៅប្រទេសកម្ពុជា។ កូនគាត់នេះ ក៏បានទទួលស្គាល់ថា មិនអាចចូលរៀនសាលានៅសហរដ្ឋអាមេរិកបានទេ បើគ្មានទំនាក់ទំនងនយោបាយ និងការទូត (Political connections) ក្នុងលិខិតមួយច្បាប់ ដែលខ្លួនបានសរសេរ ផ្ញើទៅឲ្យឪ។ បានចូលរៀនសាលាគេ ដោយសារតែការយោគយល់បែបនេះ គឺមិនឆ្លុះបញ្ចាំងពីសម្ថភាព និងចំណេះដឹងពិតប្រាកដ របស់សិស្សជាជនជាតិបរទេស និងជាកូនអ្នកធំនៅស្រុកខ្លួន នោះទេ។ មានកូនខ្មែរជាច្រើនរាប់មិនអស់ ដែលបានប្រឡងចូលស្ថាប័នអប់រំ ឧត្តមសិក្សាដ៏ល្បីល្បាញជាងគេ ក្នុងពិភពលោក ដោយស្មើភាពគ្នា ជាមួយនិស្សិតជនជាតិស្បែកស ហើយដែលមានសមត្ថភាព និងចំណេះដឹងពិតប្រាកដ ខ្ពស់ជាងកូន ហ៊ុន សែន ឆ្ងាយណាស់។
ប្រជារាស្ត្រខ្មែរទាំងមូល ទោះជាគាំទ្រគណបក្សណាក៏ដោយ ត្រូវតែរួបរួមគ្នាប្រឆាំង គម្រោងគ្រួសារនិយម របស់ ហ៊ុន សែន ដែលកំពុងតែរៀបចំ ឲ្យកូនគាត់ឡើងតាមជើងខោគាត់ ដោយមើលរំលងយុវជនខ្មែររាប់ម៉ឺននាក់ ដែលកើតចេញពីគ្រួសារសាមញ្ញ ហើយដែលមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់ ដើម្បីធ្វើជាថ្នាក់ដឹកនាំកំពូល នៃប្រទេសកម្ពុជា។
យើងគាំទ្រគម្រោង ឲ្យមានយុវជនជំនាន់ក្រោយ បន្តវេន ក្នុងការដឹកនាំប្រទេស ឆ្ពោះទៅរកភាពរុងរឿង តែយើងមិនគាំទ្រគម្រោងបន្តពូជ ក្នុងជួរគ្រួសារ ហ៊ុន សែន ដែលជាគម្រោងបន្តការបំផ្លិចបំផ្លាញជាតិ និងការធ្វើបាបរាស្ត្រ ដូចអ្វីដែល ហ៊ុន សែន ខ្លួនឯងបានធ្វើ ជិត៤០ ឆ្នាំកន្លងមកហើយ។
ហ៊ុន សែន ត្រូវការឲ្យកូនគាត់ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសគាត់ ពេលណាដែលគាត់មិនអាចធ្វើការបានទៀត ពីព្រោះគាត់ត្រូវការឲ្យកូនគាត់ ប្រើអំណាចការពារគាត់ ពីការកាត់ទោសពីសំណាក់តុលាការប្រជារាស្ត្រខ្មែរ ដែលនឹងផ្តន្ទាទោសគាត់ ពីបទឧក្រិដ្ឋ ដែលគាត់បានប្រព្រឹត្ត ជិត ៤០ ឆ្នាំកន្លងមកហើយ។ តែរឿងនេះ ជារឿងផ្ទាល់ខ្លួនរបស់ ហ៊ុន សែន ទេ វាមិនមែនជាបញ្ហារបស់ប្រជារាស្ត្រខ្មែរទេ ដែលចង់បានតែយុត្តិធម៌ប៉ុណ្ណោះ។

