១៣ តុលា ២០២២ / 13 October 2022
សាលក្រមតុលាការបារាំង ថ្ងៃ ១០ តុលា ២០២២ តម្រូវឲ្យលោក ហ៊ុន សែន បង់ប្រាក់ ១២៧ អឺរ៉ូ (euro) ជូនរដ្ឋ។ តាមច្បាប់ពន្ធដារបារាំង មានតែទណ្ឌិត (condamné) ឬ អ្នកចាញ់ក្តី ដូចលោក ហ៊ុន សែន ទេ ដែលត្រូវបង់ប្រាក់ជូនរដ្ឋ បែបនេះ។ ចំពោះអ្នកឈ្នះក្តី ដូចលោក សម រង្ស៊ី មិនចាំបាច់បង់ប្រាក់អ្វីទេ។
លោក ហ៊ុន សែន យល់ច្រលំមួយទៀត។ ទោះជាលោក សម រង្ស៊ី ឈ្នះក្តី ឬក៏ចាញ់ក្តី ថ្ងៃ ១០ តុលា ២០២២ ក៏លោក ហ៊ុន សែន មិនទាន់រួចខ្លួនទេ ក្នុងរឿងសម្លាប់លោក ហុក ឡង់ឌី កាលពីឆ្នាំ ២០០៨។ តុលាការបារាំង (17ème Chambre du Tribunal de Paris, ou Chambre de la Presse) បានកាត់ក្តីតែពីរឿងបរិហាកេរ្តិ៍ទេ តែមិនបានកាត់ក្តីពីរឿងសម្លាប់លោក ហុក ឡង់ឌី ទេ ពីព្រោះ សាខា 17ème Chambre du Tribunal de Paris នេះ មិនមានសមត្ថកិច្ច ស៊ើបអង្កេត ពីគ្រោះថ្នាក់ឧទ្ធម្ភាគចក្រ លោក ហុក ឡង់ឌី កាលពីឆ្នាំ ២០០៨ នោះទេ។ រឿងនេះ នឹងនាំឲ្យមានការបន្តការស៊ើបអង្កេត ពីនគរបាលជាតិនិងអន្តរជាតិ និងពីតុលាការមានសមត្ថកិច្ច ថ្ងៃក្រោយទៀត។
ជ័យជំនះលោក សម រង្ស៊ី ថ្ងៃ ១០ តុលា ២០២២ គឺជាព្រឹត្តិការណ៍មួយ ជាប្រវត្តិសាស្ត្រ ពីព្រោះជាលើកទី ១ ហើយ ដែលលោក សម រង្ស៊ី ឈ្នះក្តីលើលោក ហ៊ុន សែន នៅចំពោះមុខតុលាការឯករាជ្យ មានតុលាការបារាំង ជាឧទាហរណ៍។ នៅចំពោះមុខតុលាការឯករាជ្យទាំងអស់ ក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ លោក សម រង្ស៊ី ច្បាស់ជាទទួលបានជ័យជំនះ លើលោក ហ៊ុន សែន ជានិច្ច ពីព្រោះបុព្វហេតុ ដែលលោក សម រង្ស៊ី ការពារ គឺជាបុព្វហេតុត្រឹមត្រូវ និងយុត្តិធម៌។
ក្នុងករណីពាក្យបណ្តឹង របស់លោក ហ៊ុន សែន ពីបទបរិហាកេរ្តិ៍ មេដឹកនាំផ្តាច់ការនេះច្បាស់ជាឈ្នះក្តី ចំពោះមុខតុលាការ នៅប្រទេសកម្ពុជា ដែលជាតុលាការអាយ៉ងរបស់គាត់។ តែចំពោះមុខតុលាការឯករាជ្យ ដូចតុលាការប្រទេសបារាំង លោក ហ៊ុន សែន ច្បាស់ជាបរាជ័យ ដូចកាលពីថ្ងៃ ១០ តុលា ២០២២ កន្លងទៅនេះ។
លោក ហ៊ុន សែន ប្រថុយប្តឹងលោក សម រង្ស៊ី នៅប្រទេសបារាំង តែជាលទ្ធផល គាត់មិនបានទទួលជំងឺចិត្តអ្វីទេ សូម្បីតែមួយអឺរ៉ូ (មិនដល់មួយដុល្លារអាមេរិកផង) ក៏មិនបានដែរ ពីព្រោះគាត់ចាញ់ក្តី។
តែនៅចំពោះមុខតុលាការ ប្រទេសកម្ពុជា ក្នុងករណីពាក្យបណ្តឹងពីបទបរិហាកេរ្តិ៍ ដូចចំពោះលោក សម រង្សុី នៅប្រទេសបារាំងដែរ លោក ហ៊ុន សែន និងបក្ខពួកគាត់ បានបង្ខំឲ្យលោក សុន ឆ័យ បង់ជំងឺចិត្តឲ្យពួកគាត់ រហូតដល់ទៅ ៨០ ម៉ឺនដុល្លារអាមេរិក។ នេះបង្ហាញឲ្យឃើញថា លោក ហ៊ុន សែន និងបក្ខពួកគាត់ អាចឈ្នះបាន តែចំពោះមុខតុលាការលេងសើច ដូចតុលាការនៅទីក្រុងភ្នំពេញ។ បើនៅចំពោះមុខតុលាការឯករាជ្យ ដូចតុលាការប្រទេសបារាំងវិញ លោក ហ៊ុន សែន និង បក្ខពួកគាត់ មិនអាចធ្វើបាបអ្នកស្លូតត្រង់បានទេ ដូចពួកគាត់បានធ្វើបាបលោក សុន ឆ័យ និងអ្នកស្លូតត្រង់ដទៃទៀត ថ្មីៗនេះ។
ជ័យជំនះ លោក សម រង្ស៊ី លើលោក ហ៊ុន សែន នៅចំពោះមុខតុលាការប្រទេសបារាំង គឺជាជ័យជំនះរបស់ប្រជារាស្ត្រខ្មែរទាំងមូល ដែលចាប់ផ្តើមឃើញពន្លឺយុត្តិធម៌។
