មេរៀនដែលត្រូវដកពីតុលាការប្រទេសបារាំង ដើម្បីកែលំអ តុលាការប្រទេសកម្ពុជា / Lessons to draw from the French court to improve its counterpart in Cambodia.

ចែករំលែក ៖​

១៥ តុលា ២០២២ / 15 October 2022 

មេរៀនដែលត្រូវដកពីតុលាការប្រទេសបារាំង ដើម្បីកែលំអ តុលាការប្រទេសកម្ពុជា

ទាំងរូបលោក ហ៊ុន សែន ទាំងរូបខ្ញុំ សម រង្ស៊ី យើងទាំង២នាក់ ដែលជាគូវិវាទ នៅចំពោះមុខតុលាការបារាំង នៅទីក្រុងប៉ារីស យើងសប្បាយចិត្តទាំងសងខាង ពីសាលក្រម ដែលតុលាការនេះបានចេញ នៅថ្ងៃ ១០ តុលា ២០២២ ដែលជាការកាត់ក្តី លើបណ្តឹងលោក ហ៊ុន សែន ជំទាស់រូបខ្ញុំ ពីបទបរិហារកេរ្តិ៍។

បើលោក ហ៊ុន សែន និង រូបខ្ញុំ សប្បាយចិត្តទាំងសងខាង ពីការកាត់ក្តីធ្វើឡើងដោយតុលាការបារាំងនេះ យើងគួរណាស់ព្យួរទុកវិវាទរបស់យើងមួយអន្លើសិន ហើយដកមេរៀនជាមួយគ្នា ពីតុលាការបារាំងនេះ ដើម្បីទាញយកជាផលប្រយោជន៍ ឲ្យចំណេញដល់ប្រជារាស្ត្រខ្មែរ តាមរយៈការរៀបចំប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា ឲ្យមានលក្ខណៈឯករាជ្យ តាមគម្រូតុលាការប្រទេសបារាំង និងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ទាំងអស់ក្នុងពិភពលោក។

១- តុលាការឯករាជ្យ

តុលាការឯករាជ្យ មានន័យថា ចៅក្រមមិនស្តាប់បញ្ជាពីអ្នកមានអំណាច ឬអ្នកមានលុយណាម្នាក់ឡើយ តែកាត់ក្តីដោយអនុវត្តតាមតែច្បាប់ និងយោងគតិយុត្តិធម៌។ ដូច្នេះ អ្នកទន់ខ្សោយ និងអ្នកក្រីក្រ ក៏អាចទទួលយុត្តិធម៌បានដែរ ពីព្រោះតុលាការឯករាជ្យ ហ៊ានផ្តន្ទាទោសអ្នកមានអំណាច និងអ្នកមានលុយ ឬក៏ហ៊ានច្រានចោលរាល់ពាក្យបណ្តឹងដែលមិនត្រឹមត្រូវ។

២- ពាក្យបណ្តឹងទៅតុលាការ

នៅពេលដែលដើមបណ្តឹងដាក់ពាក្យបណ្តឹង ទៅតុលាការ ជំទាស់ចុងបណ្តឹង មានន័យថាដើមបណ្តឹងស្នើសុំឲ្យតុលាការផ្តន្ទាទោសចុងបណ្តឹង ដែលបានប៉ះពាល់ផលប្រយោជន៍ ឬកិត្តិយសដើមបណ្តឹង។ បើតុលាការផ្តន្ទាទោសចុងបណ្តឹងមែន មានន័យថាដើមបណ្តឹងឈ្នះ ហើយចុងបណ្តឹងចាញ់។ តែបើតុលាការ មិនផ្តន្ទាទោសចុងបណ្តឹងទេ មានន័យថាដើមបណ្តឹងចាញ់ ហើយចុងបណ្តឹងឈ្នះ។

៣- បទបរិហារកេរ្តិ៍

ពាក្យបណ្តឹងពីបទបរិហាកេរ្តិ៍ គឺធ្វើឡើងដើម្បីលាងជម្រះកិត្តិយសរបស់ដើមបណ្តឹង ដែលចោទថាចុងបណ្តឹងបានបរិហាកេរ្តិ៍ខ្លួន។ ដោយសារតែកិត្តិយស មានតម្លៃ មិនអាចកាត់ថ្លៃបាន ដើមបណ្តឹងមិនចាំបាច់ទាមទារជំងឺចិត្តជាសាច់ប្រាក់ ច្រើនទេ។ បើមានការបរិហាកេរ្តិ៍ពិតប្រាកដមែន ដើមបណ្តឹងច្រើនតែទាមទារជំងឺចិត្តជានិមិត្តរូបតែប៉ុណ្ណោះ គឺត្រឹមតែប្រាក់ មួយរៀល មួយដុល្លារ ឬមួយអឺរ៉ូ តែប៉ុណ្ណោះ វាគ្រប់គ្រាន់ហើយ។ ពេលណា ចុងបណ្តឹងត្រូវបានតុលាការតម្រូវឲ្យបង់ប្រាក់ជានិមិត្តរូបបែបនេះ ឲ្យទៅដើមបណ្តឹង វាបង្ហាញថាចុងបណ្តឹងមានទោសកំហុសមែន។ តែបើតុលាការមិនតម្រូវឲ្យចុងបណ្តឹង បង់ប្រាក់ជានិមិត្តរូបអ្វីទេ ឲ្យទៅដើមបណ្តឹង មានន័យថាចុងបណ្តឹង អត់មានទោសកំហុសអ្វីទេ ហើយពាក្យបណ្តឹងរបស់ដើមបណ្តឹង ត្រូវបានតុលាការច្រានចោល។

៤- បណ្តឹងលោក ហ៊ុន សែន សុំឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី

លោក ហ៊ុន សែន បានប្តឹងពីខ្ញុំ នៅចំពោះមុខតុលាការបារាំង ដោយចោទថាខ្ញុំបានបរិហាកេរ្តិ៍គាត់ ពីព្រោះខ្ញុំបានអះអាងថា គាត់នៅពីក្រោយការសម្លាប់លោក ជា វិជ្ជា កាលពីឆ្នាំ ២០០៤ និងការសម្លាប់លោក ហុក ឡង់ឌី កាលពីឆ្នាំ ២០០៨។ លោក ហ៊ុន សែន ក៏បានស្នើសុំឲ្យតុលាការបារាំង ផ្តន្ទាទោសខ្ញុំ ដោយបង្ខំឲ្យខ្ញុំបង់"ជំងឺចិត្ត" មួយអឺរ៉ូ ជានិមិត្តរូប ឲ្យទៅគាត់ បើតុលាការវិនិច្ឆ័យថា ខ្ញុំមានទោសកំហុសមែន។ នៅក្នុងសាលក្រម ចេញថ្ងៃ ១០ តុលា ២០២២ ខ្ញុំមិនត្រូវបានតុលាការបង្ខំឲ្យបង់ប្រាក់មួយអឺរ៉ូនេះ ទៅឲ្យលោក ហ៊ុន សែន ទេ។ នេះមានន័យថា តុលាការសម្រេចថា ខ្ញុំគ្មានទោសកំហុសអ្វីទេ ហើយតុលាការក៏បានច្រានចោលពាក្យបណ្តឹង របស់លោក ហ៊ុន សែន។

៥- ហេតុផល ដែលធ្វើឲ្យលោក សម រង្ស៊ី សប្បាយចិត្ត

ខ្ញុំសប្បាយចិត្ត ដោយសារតែតុលាការទទួលស្គាល់ថាខ្ញុំគ្មានទោសកំហុសអ្វីទេ ហើយតុលាការក៏បានច្រានចោលពាក្យបណ្តឹងរបស់លោក ហ៊ុន សែន។ នេះមានន័យថា ខ្ញុំបានឈ្នះក្តី់ ។

៦- ហេតុផល ដែលធ្វើឲ្យលោក ហ៊ុន សែន សប្បាយចិត្ត

លោក ហ៊ុន សែន សប្បាយចិត្ត ដោយសារតែតុលាការ ទទួលស្គាល់ថាខ្ញុំមិនបានបង្ហាញភស្តុតាងគ្រប់គ្រាន់ ដែលបញ្ជាក់ដោយមិនអាចប្រកែកបាន ថា គាត់ (ហ៊ុន សែន) នៅពីក្រោយការសម្លាប់លោក ហុក ឡង់ឌី យ៉ាងពិតប្រាកដមែន។ តែលោក ហ៊ុន សែន យល់ច្រលំថា តុលាការបារាំងបាន"លាងសម្អាត" ខ្លួនគាត់ពីការទទួលខុសត្រូវក្នុងការសម្លាប់លោក ហុក ឡង់ឌី នេះ។

ការពិតគឺ តុលាការបានកាត់ក្តីតែលើបណ្តឹងបរិហាកេរ្តិ៍ រវាងលោក ហ៊ុន សែន និងខ្ញុំ តែប៉ុណ្ណោះ តែមិនបានកាត់ក្តីលើរឿងសម្លាប់លោក ហុក ឡង់ឌី តែម្តងនោះទេ។ យើងត្រូវដឹងថា ផ្នែកហៅថា "17ème Chambre Correctionnelle du Tribunal de Paris" នៃតុលាការបារាំង ដែលបានចេញសាលក្រម ថ្ងៃ ១០ តុលា ២០២២ មានជំនាញតែលើរឿងបរិហាកេរ្តិ៍ តែប៉ុណ្ណោះ ហើយមិនមានសមត្ថកិច្ចទៅស៊ើបអង្កេត និងស្រាវជ្រាវខ្លួនឯង ពីអង្គហេតុ ដូចជាគ្រោះថ្នាក់ឧទ្ធម្ភាគចក្រ លោក ហុក ឡង់ឌី កាលពីឆ្នាំ ២០០៨ ហើយក៏មិនអាចឲ្យលោក ហ៊ុន សែន រួចខ្លួនបានដែរ ក្នុងរឿងនេះ។ ដូច្នេះ លោក ហ៊ុន សែន មិនត្រូវឆាប់អរពេកទេ។

៧- ទឡ្ហីករណ៍ តុលាការបារាំង ក្នុងការមិនផ្តន្ទាទោសលោក សម រង្ស៊ី

អ្វីដែលសំខាន់ជាងគេបំផុត សម្រាប់តុលាការបារាំង គឺសិទ្ធិសំដែងមតិ របស់ពលរដ្ឋម្នាក់ៗ ក្នុងសង្គមប្រជាធិបតេយ្យ។

ទឡ្ហីករណ៍ តុលាការបារាំង ជុំវិញពាក្យបណ្តឹងរបស់លោក ហ៊ុន សែន មានដូចតទៅ ៖

ក- ខ្ញុំបានបរិហាកេរ្តិ៍លោក ហ៊ុន សែន ក្នុងន័យមិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់ ពេលចោទប្រកាន់គាត់ ថានៅពីក្រោយការសម្លាប់លោក ហុក ឡង់ឌី។ ការចោទប្រកាន់នេះធ្ងន់ណាស់ ពីព្រោះបើលោក ហ៊ុន សែន នៅពីក្រោយការសម្លាប់លោក ហុក ឡង់ឌី មែន គាត់ (ហ៊ុន សែន) នឹងត្រូវជាប់គុក មួយជីវិត។

ខ- ត្រូវគិតផងដែរពីបរិយាកាសនយោបាយដ៏តានតឹង នៅប្រទេសកម្ពុជា ដែលខ្ញុំរងគ្រោះពីការធ្វើទុក្ខបុកម្នេញឥតឈប់ឈរ ពីសំណាក់លោក ហ៊ុន សែន។ គួរយល់ផងដែរថា ដោយសារតែលោក ហ៊ុន សែន កំពុងតែកាន់អំណាចតាមរបៀបផ្តាច់ការ វាពិបាករកភស្តុតាងវែកមុខគាត់ណាស់។ ទោះជាយ៉ាងណាក៏ដោយ តុលាការទទូលស្គាល់ថា មានអាថ៌កំបាំងជាច្រើន ជុំវិញមរណភាពលោក ហុក ឡង់ឌី។

គ- បូកសរុបទៅ តុលាការមិនអាចផ្តន្ទាទោសខ្ញុំបានទេ ពីព្រោះការផ្តន្ទាទោសណាមួយ វានឹងប៉ះពាល់ខ្លាំងពេក ដល់សិទ្ធិសម្តែងមតិរបស់ខ្ញុំ។

៨- អត្ថន័យ និង វិសាលភាព នៃសាលក្រម ថ្ងៃ ១០ តុលា ២០២២

ទោះបីតុលាការ យល់ឃើញថា ខ្ញុំមិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់ យ៉ាងណាក៏ដោយ ក៏តុលាការទទួលស្គាល់ថាខ្ញុំបាននិយាយដោយស្មោះពីចិត្ត (bonne foi) យោងអ្វីដែលគេយល់ដឹងពីស្ថានការណ៍នយោបាយដ៏តានតឹង នៅប្រទេសកម្ពុជា។ គេដឹងថាលោក ហ៊ុន សែន ប្រើអំណាចផ្តាច់ការរបស់គាត់ ដើម្បីគាបសង្កត់ និងបំបិទមាត់អ្នកដែលជំទាស់គាត់។ តុលាការក៏យល់ផងដែរថា លោក ហ៊ុន សែន ប្រើអំណាចផ្តាច់ការរបស់គាត់ ដើម្បីបង្វែរដាន និងបំបាត់សាក្សី និងភស្តុតាង ដែលអាចបង្ហាញពីការទទួលខុសត្រូវរបស់គាត់ ក្នុងការសម្លាប់មនុស្សជាច្រើន។ តែសំខាន់ជាងគេបំផុត គឺតុលាការទទួលស្គាល់សិទ្ធិសម្តែងមតិរបស់ខ្ញុំ ក្នុងការលាតត្រដាងបញ្ហាសង្គម ដូចជានិទណ្ឌភាព ពីព្រោះខ្ញុំការពារផលប្រយោជន៍សាធារណៈ មិនមែនផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទេ។

ចំពោះការទទួលខុសត្រូវរបស់លោក ហ៊ុន សែន ក្នុងការធ្វើឃាតលោក ជា វិជ្ជា និងលោក ហុក ឡង់ឌី តុលាការមិនបាន ហើយមិនអាចបញ្ជាក់ថាលោក ហ៊ុន សែន មិននៅពីក្រោយការសម្លាប់លោក ជា វិជ្ជា និងលោក ហុក ឡង់ឌី នោះទេ ដូចបានបញ្ជាក់រួចហើយ ក្នុងចំណុចទី ៦ ខាងលើ។

៩- មេរៀន សម្រាប់តុលាការ ប្រទេសកម្ពុជា

អ្វីដែលសំខាន់ជាងគេបំផុត សម្រាប់តុលាការប្រទេសបារាំង គឺសិទ្ធិសំដែងមតិ របស់ពលរដ្ឋម្នាក់ៗ ក្នុងសង្គមប្រជាធិបតេយ្យ។

នៅប្រទេសបារាំង បណ្តឹងបរិហាកេរ្តិ៍ ជារឿងសាមញ្ញ ដែលគេមិនយកមកឡូកឡំជាមួយរឿងនយោបាយទេ។ នៅប្រទេសកម្ពុជា មានករណីជាច្រើន ដែលរដ្ឋអំណាចយកលេសថា ប្រជាពលរដ្ឋបានបរិហាកេរ្តិ៍អ្នកមានអំណាច និងអ្នកមានលុយ ដើម្បីគាបសង្កត់ប្រជាពលរដ្ឋរងគ្រោះ។ ឧទាហរណ៍ គឺជនរងគ្រោះ ដែលអ្នកមានអំណាច និងអ្នកមានលុយ ប្លន់យកផ្ទះសម្បែងដីធ្លី តែនៅពេលជនរងគ្រោះចេញឈ្មោះជនទុច្ចរិតដែលប្លន់ផ្ទះសម្បែងដីធ្លីពួកគាត់ ស្រាប់តែពួកគាត់ត្រូវបានតុលាការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ ហើយការចោទប្រកាន់បែបនេះ ច្រើនតែឈានទៅដល់ការចោទប្រកាន់ពីបទញុះញង់ថែមទៀត ដែលនាំឲ្យមានការចាប់ដាក់គុក ចំពោះជនរងគ្រោះទាំងនោះ។

ម្យ៉ាងវិញទៀត នៅប្រទេសបារាំង គេមិនទារសំណងជំងឺចិត្តរហូតដល់ទៅរាប់ម៉ឺន រាប់សែន រាប់លាន អឺរ៉ូ ឬដុល្លារទេ។ គេទារត្រឹមតែមួយអឺរ៉ូ ជានិមិត្តរូប តែប៉ុណ្ណោះ។ ឯនៅប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ ២០២២ នេះ លោក សុន ឆ័យ ត្រូវបានតុលាការបង្ខំឲ្យបង់"ជំងឺចិត្ត" រហូតដល់ទៅ ៨០ ម៉ឺនដុល្លារ ឲ្យទៅបក្ខពួកលោក ហ៊ុន សែន។ កាលពីឆ្នាំ ២០១៨ ខ្លួនខ្ញុំផ្ទាល់ត្រូវបានតុលាការទីក្រុងភ្នំពេញបង្ខំឲ្យបង់"ជំងឺចិត្ត" រហូតដល់ទៅ ១ លានដុល្លារ ឲ្យទៅលោក ហ៊ុន សែន ខ្លួនឯងតែម្តង។ តែនៅប្រទេសបារាំង ក្នុងឆ្នាំ ២០២២ នេះ លោក ហ៊ុន សែន ទារ"ជំងឺចិត្ត"ពីខ្ញុំ សូម្បីតែ ១ អឺរ៉ូ ក៏មិនបានផង ពីព្រោះតុលាការបានច្រានចោលបណ្តឹង"បរិហារកេរ្តិ៍" របស់គាត់។

ធ្វើនៅទីក្រុងប៉ារីស ថ្ងៃ ១៥ តុលា ២០២២

សម រង្ស៊ី

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter