០៨ កុម្ភៈ ២០២៣ / 08 February 2023

មានឃាតកម្មច្រើនទៀត ជុំវិញក្រុមគ្រួសារលោក ហ៊ុន សែន។
There are many other crimes related to Hun Sen’s family.
យើងត្រូវតែលាតត្រដាងរឿងទាំងអស់នេះ ដើម្បីបញ្ចប់និទណ្ឌភាព នៅកម្ពុជា។
We must expose these cases so as to put an end to impunity in Cambodia.
មានរឿងអាស្រូវមួយទៀត ជុំវិញការធ្វើឃាត កូវ សាមុត ដែលជាប្អូនថ្លៃ ហ៊ុន សែន នៅចុងឆ្នាំ ១៩៩៦។ រឿងឃាតកម្មនេះ យើងដឹងអស់ហើយថា ហ៊ុន សែន ជាអ្នកបញ្ជាឲ្យគេសម្លាប់ កូវ សាមុត ពីព្រោះមានរឿងអាម៉ាស ក្នុងជួរគ្រួសារ ហ៊ុនសែន និងប្រពន្ធ ហ៊ុន សែន ឈ្មោះ ប៊ុន រ៉ានី (ឈ្មោះដើម ប៊ុន សាមហ៊ាង) ដែលជាបងបង្កើតប្រពន្ធរបស់ កូវ សាមុត ឈ្មោះប៊ុន សុថា (ឈ្មោះដើម ប៊ុន សាមហ៊ឹង)។
ក្រោយពី កូវ សាមុត ត្រូវបានគេសម្លាប់ កូនប្រសារគាត់ ឈ្មោះ រ័ត្ន ចន្ទសូណូឌី (Roth Chansonody) ដែលធ្វើការនៅក្រសួងមហាផ្ទៃ ដឹងរឿងពិត ជុំវិញការសម្លាប់ឪពុកក្មេកគាត់។ អញ្ចឹងហើយ បានជា ហ៊ុន សែន បញ្ជាឲ្យគេកម្ចាត់ រ័ត្ន ចន្ទសូណូឌី នេះផងដែរ ដើម្បីបំបាត់ភស្តុតាង និងសាក្សី។ រ័ត្ន ចន្ទសូណូឌី ដឹងច្បាស់ថាមនុស្សម្នាក់ទៀត ឈ្មោះ រ៉េត នីកា (Reth Nika) ជាអ្នកបាញ់សម្លាប់ កូវ សាមុត តាមបញ្ជា ហ៊ុន សែន។
សូមរំលឹកថា ទាំង កូវ សាមុត ទាំង រ័ត្ន ចន្ទសូណូឌី ទាំង រ៉េត នីកា ពេលនោះជាមន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ទាំងអស់គ្នា។ បន្ទាប់ពី រ៉េត នីកា បានសម្លាប់ រ័ត្ន ចន្ទសូណូឌី ភ្លាម នៅថ្ងៃ ០៩ កញ្ញា ២០០៧ នៅកណ្តាលទីក្រុងភ្នំពេញ ស្រាប់តែ រ៉េត នីកា ត្រូវបានបក្ខពួក ហ៊ុន សែន សម្លាប់ភ្លាមដែរតែម្តង ដោយគេប្រឌិតថាពីរនាក់ហ្នឹង មានជម្លោះរឿងស្រីញី។ ការបាញ់សម្លាប់ រ័ត្ន ចន្ទសូណូឌី និង រ៉េត នីកា ទន្ទឹមគ្នា គឺជាការបំបាត់ភស្តុតាង និងសាក្សីទាំងអស់ ជុំវិញការធ្វើឃាត កូវ សាមុត។
រត្ន័ ច័ន្ទសូណូឌី ជាប្តី របស់នាង កូវ ច័ន្ទ សុវណ្ណរឹទ្ធិ ដែលជាកូនស្រីតែមួយរបស់ កូវ សាមុត។ នាងហ្នឹងត្រូវបាន ហ៊ុន សែន សម្លាប់ទាំងឪពុក ទាំងស្វាមី។
ស្រ៊ុន វង្សវណ្ណៈ ដែលពេលនោះជាមេអង្គរក្ស សម រង្ស៊ី ហើយដែល ហ៊ុន សែន មួលបង្កាច់ដោយចោទថាជាអ្នកសម្លាប់ កូវ សាមុត ដើម្បីមានលេសចាប់ខ្លួន សម រង្ស៊ី ក៏ជាអតីតមន្ត្រីក្រសួងមហាផ្ទៃដែរ។ អញ្ចឹងហើយ បានជាគេប្រើមនុស្សម្នាក់ឲ្យទៅសម្លាប់មនុស្សម្នាក់ទៀត ហើយឆ្លើយដាក់មនុស្សម្នាក់មួយទៀត ពីព្រោះមនុស្សទាំងអស់ហ្នឹង ធ្លាប់ធ្វើការនៅក្រសួងមហាផ្ទៃទាំងអស់គ្នា ហើយស្គាល់គ្នាយ៉ាងច្បាស់ ព្រមទាំងដឹងច្បាស់ថានរណាបានធ្វើអ្វីខ្លះ។