១៨ កុម្ភៈ ២០២៣ / 18 February 2023

សហគមន៍អន្តរជាតិ នៅតែទទួលស្គាល់ និងឲ្យតម្លៃគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន។
The international community continues to recognize the CNRP as a legitimate party with Kem Sokha as president (*)
យើងកត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំប្រទេសសេរី ដែលកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទូទាំងពិភពលោក តែងតែទទូចឲ្យបានជួបជាមួយលោក កឹម សុខា ពេលណាពួកគេ មកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជាម្តងៗ។ ទោះជាទស្សនកិច្ចរបស់ពួកគេនោះ មានរយៈពេលខ្លីយ៉ាងណា ហើយសកម្មភាពរបស់ពួកគេមមាញឹកយ៉ាងណា ក៏ពួកគេនៅតែលៃលកឆ្លៀតជួបលោក កឹម សុខា ឲ្យទាល់តែបាន។
ឧទាហរណ៍ចុងក្រោយ គឺជំនួបរវាងលោក កឹម សុខា និងលោកប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier នៅទីក្រុងភ្នំពេញ ថ្ងៃ ១៥ កុម្ភៈ ២០២៣។ ក្នុងរយៈពេល ៦ ខែកន្លងទៅនេះ ឥស្សរជនជាន់ខ្ពស់ ដែលបានជួបលោក កឹម សុខា នៅទីក្រុងភ្នំពេញដែរ មានជាអាទិ៍ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken, អនុប្រធានសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការអន្តរជាតិ Josep Borrell Fontelles និងរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Penny Wong។
គេដឹងថាលោក កឹម សុខា ត្រូវបានរបប ហ៊ុន សែន ចោទប្រកាន់ ដោយគ្មានមូលដ្ឋានពិតប្រាកដអ្វីឡើយ ហើយលោកក៏ត្រូវបានគេដកសិទ្ធិនយោបាយទាំងអស់ ហើយត្រូវបានគេហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយអ្វីឡើយ។
ទោះជាយ៉ាងណាក៏ដោយ ឥស្សរជនបរទេសធំៗជាច្រើន ដែលមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជាម្តង ទទូចជួបលោក កឹម សុខា ឲ្យទាល់តែបាន ទោះជាលោក ហ៊ុន សែន មិនសប្បាយចិត្តយ៉ាងណាក៏ដោយ។ មានន័យថា សហគមន៍អន្តរជាតិនៅតែទទួលស្គាល់លោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ហើយនៅតែទទួលស្គាល់គណបក្សសង្គ្រោះជាតិ ដែលប្រជាពលរដ្ឋខ្មែរគាំទ្រយ៉ាងតិចពាក់កណ្តាលនគរ។
បើគេមិនទទួលស្គាល់ និងមិនឲ្យតម្លៃគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាននោះទេ គេក៏មិនទទូចចង់ជួបលោកកឹម សុខា បែបនេះដែរ។
ការកាត់ទោសលោក កឹម សុខា ត្រូវបានជាប់គាំង ជាង ៥ ឆ្នាំមកហើយ។ ទៅមុខក៏មិនរួច ថយក្រោយក៏មិនរួច។ នេះជាឆ្អឹង ដែលស្ទះបំពង់កលោក ហ៊ុន សែន។ ទៅមុខមិនរួច ពីព្រោះមិនអាចកាត់ក្តីលោក កឹម សុខា បានទេ ដោយសារតែគ្មានភស្តុតាងត្រឹមត្រូវ ដែលអន្តរជាតិទទួលយកបាន។ ថយក្រោយក៏មិនរួច ពីព្រោះត្រូវទម្លាក់ចោលការចោទប្រកាន់មកលើលោក កឹម សុខា មានន័យថាត្រូវអនុញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ហើយចូលរួមក្នុងការបោះឆ្នោតខាងមុខ។ តែលោក ហ៊ុន សែន ភ័យខ្លាចបំផុត ចំពោះលទ្ធភាពគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញនេះ ពីព្រោះគាត់ដឹងថា គាត់នឹងចាញ់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតខាងមុខ។
(*) Because Kem Sokha, despite being silenced and deprived of his political rights, remains a symbol of democracy, several Western leaders insisted on meeting him whenever they are in Phnom Penh. Have done so in recent months: German president Frank-Walter Steinmeier, US Secretary of State Antony Blinken, the EU’s second highest ranking leader Josep Borrell Fontelles and Australian Foreign Affairs Minister Penny Wong.