ការពន្យល់ត្រួសៗ ស្តីពីជំងឺ COVID-19 ដែលបណ្តាលមកពីមេរោគ កូរ៉ូណា (Coronavirus) និងដំបូន្មានដើម្បីទប់ទល់នឹងជំងឺនេះ / Explanation about COVID-19 caused by Coronavirus and advice to cope with the disease.

ចែករំលែក ៖​

០៦ មីនា ២០២០ / 06 March 2020

ជំងឺ COVID-19 គឺជាជំងឺប៉ះពាល់ផ្លូវដង្ហើម ជាពិសេស សួត ដែលបណ្តាលមកពីមេរោគមួយប្រភេទ ហៅថា វីរុសកូរ៉ូណា (Coronavirus)។

I- អ្វីទៅដែលហៅថា វីរុស (Virus)?

មេរោគ ដែលនាំឲ្យមានជំងឺដល់ខ្លួនប្រាណយើង មានពីរប្រភេទសំខាន់ជាងគេ គឺ បាក់តេរី (Bactérie) និងវីរុស (Virus)។ មេរោគទាំងពីរនេះ មានខ្នាតតូចជាទីបំផុត (ភាគច្រើន តូចជាងមួយមីលីម៉ែត្រ មួយម៉ឺនដង) ទាល់តែយកឧបករណ៍កែវឆ្លុះ (Microscope) មកឆ្លុះ ទើបមើលឃើញ។ វីរុស (Virus) ភាគច្រើន តូចជាង បាក់តេរី (Bactérie) ជាង ២០ ដងឡើងទៅ ហើយទាល់តែយកឧបករណ៍កែវឆ្លុះអេឡិចត្រូនិច (Microscope électronique) មកឆ្លុះ ទើបមើលឃើញ។
បាក់តេរី (Bactérie) ធ្វើឲ្យខ្លួនប្រាណយើងមានជំងឺ ដោយវាសម្លាប់កោសិកាយើងពីខាងក្រៅ ជាពិសេស តាមការបញ្ចេញជាតិពុល (Toxines)។ ឯចំពោះ វីរុស (Virus) វិញ វាទៅសម្លាប់កោសិកាយើង ដោយវាចូលទៅវាយលុកពីខាងក្នុង ហើយវាទៅបន្តពូជរបស់វា ពីខាងក្នុងកោសិការបស់យើងដែរ រហូតដល់កោសិការបស់យើងស្លាប់ជាបន្តបន្ទាប់ ហើយនៅទីបញ្ចប់ វីរុសនោះ វារាលដាលទូទាំងសរីរាង្គណាមួយរបស់យើង ធ្វើឲ្យសរីរាង្គនោះឈប់ដំណើរការបាន។ ក្នុងករណីវីរុសកូរ៉ូណា (Coronavirus) សរីរាង្គនោះ គឺសួតតែម្តង ដែលកាន់តែរឹងទៅៗ ធ្វើឲ្យយើងដកដង្ហើមលែងបាន។
- ឧទាហរណ៍ ជំងឺបណ្តាលមកពីបាក់តេរី (Bactérie) ៖ ជំងឺរបេង (Tuberculose) ជំងឺគ្រុនពោះវៀន (Fièvre typhoïde) ជំងឺស្វាយនិងប្រមេះ (Gonorrhée/Syphilis) និង ជំងឺអាសន្នរោគ (Choléra)។
- ឧទាហរណ៍ ជំងឺបណ្តាលមកពីវីរុស (Virus) ៖ ជំងឺអេដស៍ (Sida ឬ Aids) ជំងឺរលាកថ្លើម (Hépatite) ជំងឺកញ្ជ្រិល (Rougeole) និងជំងឺផ្តាសាយផ្សេងៗ (Rhumes)។

II- តើឈ្មោះវីរុសកូរ៉ូណា (Coronavirus) នេះ ចេញពីណាមក?

ពាក្យ កូរ៉ូណា នេះ ចេញមកពីពាក្យឡាតាំង (Latin) Corona ដែលមានន័យថា ម្កុដ ពីព្រោះទាំងវីរុសនេះ ទាំងម្កុដ មានរាងមូល ដោយមានដូចជាកាំពន្លឺ នៅជុំវិញខ្លួន អាចប្រៀបធៀបទៅនឹងព្រះអាទិត្យ។

III- បើឈឺ ដោយជំងឺ COVID-19 នេះហើយ តើមានថ្នាំអ្វីព្យាបាលទេ?

អត់មានទេ ពីព្រោះជំងឺដែលបណ្តាលមកពីមេរោគ ប្រភេទ វីរុស (Virus) ភាគច្រើនលើសលប់ អត់មានឱសថអ្វីព្យាបាលវាទេ។ នេះវាខុសពីជំងឺ ដែលបណ្តាលមកពីមេរោគ ប្រភេទ បាក់តេរី (Bactérie) ដែលគេអាចព្យាបាលបាន ដោយប្រើថ្នាំសម្លាប់មេរោគ ហៅថា អង់ទីប៊ីយ៉ូទិក (Antibiotiques)។

IV- បើអត់មានថ្នាំព្យាបាលជំងឺ COVID-19 តើអ្នកជំងឺត្រូវធ្វើយ៉ាងដូចម្តេច?

អ្នកជំងឺ ត្រូវតែឈប់សម្រាក ហើយស្នាក់នៅឆ្ងាយ ដោយឡែកពីអ្នកដែលមិនទាន់ឈឺ ពីព្រោះជំងឺបណ្តាលមកពីមេរោគ ប្រភេទ វីរុស (Virus) គឺងាយឆ្លងទៅអ្នកដទៃណាស់។ ភាគច្រើនលើសលប់ ជំងឺនេះ វាជាសះស្បើយដោយខ្លួនវា (អត្រាអ្នកស្លាប់មិនដល់ ៣ ភាគរយផង នៃចំនួនអ្នកឈឺ)។ ធម្មតា ខ្លួនប្រាណយើងចេះសម្លាប់វីរុស (Virus) ដោយខ្លួនឯង ជាពិសេស ពេលយើងក្តៅខ្លួន ពីព្រោះវីរុស (Virus) វាខ្លាចកំដៅណាស់ (វានឹងស្លាប់ ចាប់ពីកំដៅ ៣៩-៤០ អង្សា សេ ( Degrés C) ឡើងទៅ នៅក្នុងខ្លួនប្រាណយើង)។

V- តើមានវិធីបង្ការជំងឺ COVID-19 យ៉ាងដូចម្តេចខ្លះ?

១- ថ្នាំចាក់បង្ការ ៖ ឥឡូវនេះ មិនទាន់មានថ្នាំចាក់បង្ការ (Vaccin) ជំងឺនេះ នៅឡើយទេ។ ពិភពលោកទាំងមូល កំពុងតែស្វះស្វែងរកថ្នាំចាក់បង្ការ ដូចដែលមានខ្លះហើយ ចំពោះជំងឺខ្លះ ដែលបណ្តាលមកពីមេរោគ ប្រភេទវីរុស (Virus) ផ្សេងៗទៀត ក្រៅពីវីរុសកូរ៉ូណា (Coronavirus) នេះ។ ឯចំពោះជំងឺ ដែលបណ្តាលមកពីមេរោគប្រភេទ បាក់តេរី (Bactérie) វិញ គឺមានថ្នាំចាក់បង្ការ (Vaccin) សម្រាប់ស្ទើរតែគ្រប់ជំងឺទាំងអស់ហើយ។
២- អនាម័យ ៖ ត្រូវតែការពារខ្លួន ដោយពាក់ម៉ាស់ (Masque), លាងដៃឲ្យស្អាត ឲ្យបានញឹកញាប់, ប្រុងប្រយ័ត្ន កុំទៅប៉ះពាល់ ឬចូលទៅជិត នរណាឬវត្ថុអ្វី ដែលអាចជាប្រភពមួយ នៃវីរុសកូរ៉ូណា, កុំទៅប្រជ្រៀតគ្នា នៅទីកន្លែងណា ដែលមានមនុស្សច្រើនប្រជ្រៀតគ្នា, កុំស្នាក់យូរ នៅទីកន្លែងណា ដែលមានមនុស្សច្រើនកុះករ, ចម្រាញ់ និងជ្រើសរើស ចំណីអាហារ ដែលមានអនាម័យខ្ពស់។
៣- ពង្រឹងប្រព័ន្ធខ្លួនប្រាណយើង ការពារសុខភាពដោយខ្លួនឯង តាមធម្មជាតិ (Système immunitaire) ៖ បើខ្លួនប្រាណយើងរឹងមាំ គឺមានសុខភាពល្អពីដើមទី មេរោគទាំងបាក់តេរី (Bactérie) ទាំងវីរុស (Virus) មិនអាចចូលមកបៀតបៀនយើងបានងាយទេ។ តែបើខ្លួនប្រាណយើងខ្សោយរួចទៅហើយ យើងងាយធ្លាក់ខ្លួនឈឺ បើមានបាក់តេរី (Bactérie) ឬ វីរុស (Virus) ណាមួយ មកវាយលុកពីក្រៅ។ ដូច្នេះ ដើម្បីជៀសវាងជំងឺ COVID-19 នេះ ត្រូវទទួលទានអាហារឲ្យបានគ្រប់គ្រាន់ ជាពិសេស ត្រូវទទួលទាន ជីវជាតិឬវីតាមីន សេ (Vitamine C) ដែលមានក្នុងផ្លែឈើជាច្រើន ដូចជា ក្រូច និងក្រូចឆ្មា, ត្រូវទទួលទានដំណេកឲ្យបានគ្រប់គ្រាន់, ត្រូវជៀសវាងគ្រឿងស្រវឹង និងគ្រឿងញៀន, ត្រូវធ្វើកីឡាឲ្យបានទៀងទាត់, ឬក៏ត្រូវទៅកម្សាន្តកន្លែងណា ដែលមានធាតុអាកាសល្អ ដើម្បីបញ្ចេញថាមពលពីខ្លួនប្រាណយើង។

ខ្ញុំ សម រង្ស៊ី សូមជូនពរបងប្អូនជនរួមជាតិ ក្មួយៗ និងកូនចៅទាំងអស់ ឲ្យមានសុខភាពល្អគ្រប់គ្នា ជាពិសេស កុំឲ្យធ្លាក់ខ្លួនឈឺ ដោយសារតែវីរុសកូរ៉ូណានេះ។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter