០៦ មិថុនា ២០២០ / 06 June 2020 - Looming bankruptcy for microfinance establishments behaving as loan sharks.
ជិតដួលរលំហើយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជញ្ជក់ឈាមកូនបំណុល ហើយចាំតែលេបទ្រព្យសម្បត្តិប្រជារាស្ត្រ ដូចត្រីឆ្លាមចាំតែលេបមនុស្សអញ្ចឹងដែរ!
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ ជិតដួលរលំហើយ ដោយសារហេតុផល ៣ យ៉ាង ដូចតទៅ ៖
១- កូនបំណុលតូចៗ ជិត ៣ លាននាក់ មិនអាចសងបំណុលរបស់ខ្លួនបានទេ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជាទីបំផុត ដែលមិនដឹងចប់ពេលណាទេ។
២- អ្នករកស៊ីលក់ដូរដីធ្លីធំៗ ក៏មិនអាចសងបំណុលរបស់ខ្លួនបានដែរ ពីព្រោះអ្នកទាំងនោះ កំពុងតែកុនខ្លួន ដោយសារបានខ្ចីលុយពីធនាគារយ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញដី ក្នុងគោលបំណងលក់ឲ្យពួកចិន។ តែឥឡូវនេះ ដីទាំងនោះលក់អត់ចេញទេ ពីព្រោះពួកចិនឈប់ទិញហើយ ដោយសារតែវិបត្តិសេដ្ឋកិច្ចដូចគ្នា។
៣- អតិថិជន ដែលបានដាក់លុយផ្ញើនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងតែភ័យស្លន់ស្លោ ពីព្រោះមិនអាចដកលុយរបស់ខ្លួនបានវិញទេ ដោយសារតែធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្វះសាច់ប្រាក់។ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្វះសាច់ប្រាក់ ពីព្រោះអ្នកដែលបានខ្ចីលុយ អត់មានលទ្ធភាពសងវិញទេ (សូមមើល ចំណុច ១ និងចំណុច ២)។ ឥឡូវនេះ មានការឆោឡោគ្រប់គ្នា ដែលជាហេតុផល ធ្វើឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដួលរលំកាន់តែឆាប់ថែមទៀត។
អ្នកសង្កេតការណ៍អន្តរជាតិ យល់ឃើញថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ជញ្ជក់ឈាមរាស្ត្រយ៉ាងពិតប្រាកដមែន បើពិនិត្យមើលការប្រាក់ ដែលមានអត្រាកប់ពពក (រហូតដល់ទៅជាង ២០ ភាគរយ ក្នុងមួយឆ្នាំ) ក្នុងខណៈដែលអត្រាការប្រាក់នេះ ចុះមកដល់សូន្យ នៅប្រទេសធំៗទាំងឡាយក្នុងពិភពលោក។
សូមចុចមើល https://www.facebook.com/rainsy.sam.5/photos/a.521085964614808/3133173913405987/?type=3&theater
បើអត្រាការប្រាក់នៅប្រទេសកម្ពុជា ចុះមកដល់ជិតសូន្យដែរ ដូចនៅប្រទេសដទៃទៀត ពេលនោះ ការប្រាក់ ដែលកូនបំណុលធ្លាប់បង់ឲ្យធនាគារជារៀងរាល់ខែ នឹងត្រូវធ្លាក់មកជិតសូន្យដែរ។ អត្រាការប្រាក់ខ្ពស់បែបនេះ ជាមធ្យោបាយរបស់ធនាគារ ដើម្បីជញ្ជក់ឈាមរាស្ត្រ មុននឹងគេអូសទ្រព្យសម្បត្តិរាស្ត្រតែម្តង ពេលអ្នកក្រអស់មានអ្វីបង់ឲ្យធនាគារ ទាំងដើមទាំងការ។ គេចង់ឲ្យរាស្ត្រ ក្លាយទៅជាទាសករហិរញ្ញវត្ថុ គឺទាសកររបស់ធនាគារទាំងនោះ ពីព្រោះពេលអ្នកក្រអស់មានអ្វីដាក់បញ្ចាំ ត្រូវយកជីវិតរបស់ខ្លួនដាក់បញ្ចាំឲ្យគេ ហើយក្លាយទៅជាទាសករតាមគ្រប់រូបភាពទាំងអស់។
មេខ្លោង នៃប្រព័ន្ធធនាគារជញ្ជក់ឈាមរាស្ត្រនេះ គឺក្រុមគ្រួសារ ហ៊ុន សែន តែម្តង ដែលជាម្ចាស់ធនាគារកាណាឌីយ៉ា ដែលជាធនាគារធំជាងគេបង្អស់នៅកម្ពុជា ហើយមានភាគហ៊ុន ក្នុងធនគារជាច្រើនដទៃទៀត។ យ៉ាងដូច្នេះហើយ បានជា ហ៊ុន សែន មិនព្រមឲ្យធនាគារបញ្ចុះការប្រាក់ទេ ហើយក៏មិនព្រមឲ្យធនាគារយោគយល់កូនបំណុល ដែលកំពុងតែទាល់ច្រក។ ហ៊ុន សែន ប្រកាសតែមាត់ទេ តែជាក់ស្តែង គ្មានចេញជាលទ្ធផលអ្វីទេ ពីព្រោះគាត់ការពារតែផលប្រយោជន៍ ក្រុមគ្រួសារគាត់ និងបក្ខពួកគាត់។
ពេលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសព្វថ្ងៃ ដួលរលំ យើងត្រូវតែជួយរកការងារថ្មី ជូនដល់បុគ្គលិក នៃស្ថាប័នទាំងនោះ។ តែអាទិភាពពេលនេះ ត្រូវជួយដល់កូនបំណុល ប្រមាណ ៣ លាននាក់ ជាមុនសិន មុននឹងជួយដល់បុគ្គលិកធនាគារ ដែលមានចំនួនមិនដល់ ៣ ម៉ឺននាក់ផង។
យើងត្រូវរៀបចំប្រព័ន្ធធនាគារឡើងវិញ ដោយតម្រូវឲ្យអនុវត្តនយោបាយថ្មី ជួយដល់ប្រជារាស្ត្រក្រីក្រយ៉ាងពិតប្រាកដ ដោយមិនច្របាច់ក កូនបំណុលក្រីក្រដូចសព្វថ្ងៃ ហើយមិនសម្លឹងរឹបអូសទ្រព្យសម្បត្តិប្រជារាស្ត្រ ដូចធនាគារសព្វថ្ងៃ។ វិធានការភ្លាមមុនគេ ត្រូវតែបញ្ចុះអត្រាការប្រាក់ និងផ្អាកការសងធនាគារទាំងដើមទាំងការ រហូតដល់ស្ថានការណ៍សេដ្ឋកិច្ច ត្រឡប់មករកសភាពការណ៍ដើមវិញ ដូចមុនការកើតជំងឺកូវីដ-១៩។