០៩ មិថុនា ២០២០ / 09 June 2020
កាលពីប្រមាណ ៥០-៦០ ឆ្នាំមុន អ្នកប្រាជ្ញបារាំងបានរកឃើញលក្ខណៈពិសេស នៃឈាមរបស់ជនជាតិខ្មែរបច្ចុប្បន្ន ដែលជាអ្នកបន្តពូជ ពីជនជាតិខ្មែរសម័យអង្គរ កាលពីប្រមាណ ៨០០ ឆ្នាំមុន។ ក្នុងសតវត្សរ៍ទី ១២ និងទី ១៣ មហាក្សត្រខ្មែរគ្រប់គ្រងអាណាចក្រមហានគរ ដែលមានផ្ទៃដីដ៏ធំល្វឹងល្វើយ។ អាណាចក្រខ្មែរពេលនោះ គ្របដណ្តប់ប្រទេសកម្ពុជាបច្ចុប្បន្ន, កម្ពុជាក្រោម មានទាំងតំបន់ដីសណ្តទន្លេមេគង្គ (បច្ចុប្បន្នវៀតណាមខាងត្បូង), ប្រទេសលាវបច្ចុប្បន្ន រហូតទៅដល់ទីក្រុងវៀងច័ន្ទ, ខេត្តទាំងឡាយ ក្នុងតំបន់បូពា៌ នៃប្រទេសថៃ រហូតដល់មួយផ្នែកនៃប្រទេសម៉ាឡេស៊ី បច្ចុប្បន្ន។
មហាក្សត្រខ្មែរពេលនោះ បានសាងសង់ប្រាសាទបុរាណដ៏អស្ចារ្យជាច្រើន ដែលជាស្នាដៃកំពូលនៃសិល្បៈខ្មែរ។ គេអាចរកឃើញប្រាសាទសម័យអង្គរទាំងនោះ នៅទូទាំងតំបន់អាស៊ីភាគអាគ្នេយ៍ គឺលើផ្ទៃដីដ៏ធំល្វឹងល្វើយ ហួសព្រំដែនរបស់ប្រទេសកម្ពុជាបច្ចុប្បន្នឆ្ងាយណាស់។
ក្នុងឈាម នៃជនជាតិខ្មែរដ៏ច្រើនលើសលប់ គេអាចរកឃើញសារជាតិមិនធម្មតា ហៅថា អេម៉ូក្លូប៊ីន អឺ (Hémoglobine E) ដែលជាលក្ខណៈសម្គាល់ នៃជនជាតិខ្មែរទាំងនោះ។ ភូមិសាស្ត្រ នៃសារជាតិ អេម៉ូក្លូប៊ីន អឺ នេះ និងភូមិសាស្ត្រ នៃប្រាសាទបុរាណខ្មែរសម័យអង្គរ ភូមិសាស្ត្រទាំងពីរនេះ វាស្ទើរតែជាន់គ្នាតែម្តង។ វិស័យសិក្សាពីរ ដាច់ដោយឡែកពីគ្នា គឺវិទ្យាសាស្ត្រស្រាវជ្រាវផ្នែកបុរាណវិទ្យា ដោយសំណាកប្រាសាទ (Archéologie) និងវេជ្ជសាស្ត្រផ្នែកឈាម (Hématologie) ផ្តល់លទ្ធផលស្របគ្នា ក្នុងការកំណត់ព្រំប្រទល់ដែន របស់មហានគរខ្មែរ ដែលពេលនេះរលាយបាត់ទៅហើយ។ វិស័យសិក្សាទាំងពីរនេះ មានតម្លៃដូចគ្នា ហើយអាចជឿជាក់បានដូចគ្នា។
អត្ថបទ ខាងលើនេះ មានចំណងជើង Le temps d'Angkor et l'hémoglobine E (សម័យកាលអង្គរ និងអេម៉ូក្លូប៊ីន អឺ) ដកស្រង់ចេញពីសៀវភៅ "LE SANG ET L'HISTOIRE (ឈាម និងប្រវត្តិសាស្ត្រ)" និពន្ធដោយលោកវេជ្ជបណ្ឌិត Jean Bernard ក្នុងឆ្នាំ ១៩៨៣។
លោកវេជ្ជបណ្ឌិត Jean Bernard (១៩០៧-២០០៦) ជាអ្នកប្រាជ្ញបារាំងមួយរូប ដែលគេចាត់ទុកថាជាបិតាស្ថាបនិក នៃវេជ្ជសាស្ត្រផ្នែកឈាម (Hématologie) ក្នុងសម័យទំនើប។ លោក Jean Bernard ធ្លាប់ធ្វើជាសាស្ត្រចារ្យ សាកលវិទ្យាល័យវេជ្ជសាស្ត្រ នៃទីក្រុងប៉ារីស (Faculté de médecine de Paris) ហើយលោកក៏បានធ្វើជាប្រធាន នៃបណ្ឌិតសភាវិទ្យាសាស្ត្រ (Académie des sciences), ប្រធាននៃបណ្ឌិតសភាជាតិផ្នែកវេជ្ជសាស្ត្រ (Académie nationale de médecine) និងជាសមាជិក នៃបណ្ឌិតសភាបារាំង (Académie française) ដែលប្រមូលផ្តុំអ្នកនិពន្ធ ដែលមានថ្វីដៃជាងគេ នៅប្រទេសបារាំង។
ដើម្បីយល់ដឹងពីគំនិតលោកវេជ្ជបណ្ឌិត Jean Bernard កាន់តែច្បាស់ថែមទៀត សូមចូលមើល http://www.academie-francaise.fr/…/…/bernard_5aca_1984_3.pdf
សារជាតិក្នុងឈាម អេម៉ូក្លូប៊ីន អឺ (Hémoglobine E) នេះហើយ ដែលបានជួយការពារជនជាតិខ្មែរ ពីជំងឺគ្រុនចាញ់ ក្នុងអតីតកាល ហើយក៏អាចជួយការពារយើង ពីជំងឺកូវីដ-១៩ ផងដែរ នាបច្ចុប្បន្នកាល។ តែទោះជាយ៉ាងណាក៏ដោយ សូមរក្សាភាពប្រុងប្រយ័ត្នជានិច្ច ទាំងខាងអនាម័យ និងខាងជៀសវាងប្រមូលផ្តុំគ្នា។