២៣ តុលា ២០២៦ / 23 October 2026

ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ គឺជាទិវាគម្រប់ខួប ៣៥ឆ្នាំ នៃ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏អស្ចារ្យ ក្នុងការបញ្ចប់នយោបាយឈ្លានពានរបស់បរទេសលើកម្ពុជា សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃផ្ទៃក្នុងកម្ពុជា ការបង្កើតនិងរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ និង ការបើកទំព័រថ្មីសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រនេះ សម្រេចបានពីព្រះរាជបញ្ញាញាណដ៏ខ្ពង់ខ្ពស់ របស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ រួមជាមួយ ការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធកម្ពុជា ដោយមានការគាំទ្រយ៉ាងសកម្មពីសហគមន៍អន្តរជាតិ។ ការផ្សះផ្សាជាតិ និង ការផ្ដល់សិទ្ធិស្វ័យសម្រេចជោគវាសនាជាតិ ដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោត ដោយសេរី និង ត្រឹមត្រូវ ដូចការបោះឆ្នោត ដោយអ៊ុកតាក់ (UNTAC) ឆ្នាំ១៩៩៣ ជាឧទាហរណ៍ គឺជាមូលដ្ឋានគ្រឹះ និង ចាំបាច់ ដែលមិនអាចខ្វះបាន សម្រាប់ការកសាងកម្ពុជា ឲ្យរឹងមាំ និង រុងរឿង។
ការបោះឆ្នោតដោយយុត្តិធម៌ ក្នុងឆ្នាំ១៩៩៣ នាំកម្ពុជាឲ្យបង្កើតបាន នូវរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យ ហើយនេះ គឺជាគម្ពីរ ឬ ច្បាប់កំពូលដ៏ពិសិដ្ឋ សម្រាប់នាំផ្លូវកម្ពុជា ឲ្យចាប់ផ្ដើមស្គាល់ពន្លឺស្ថិរភាពនយោបាយ និងការលូតលាស់សេដ្ឋកិច្ច-សង្គម ជាលើកដំបូង បន្ទាប់ពីសង្គ្រាម និង ការបែកបាក់ជាតិ ប្រមាណ ២ទសវត្សរ៍។
សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ដែលស្រឡាញ់ទឹកដីជាតិកម្ពុជា ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង ការចង់ឃើញភាពរីកចម្រើនសេដ្ឋកិច្ចដោយតម្លាភាព … ស្មារតី ២៣តុលា មិនត្រឹមតែជាការរំឭក នូវព្រឹត្តិការណ៍អតីតកាលប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការដាស់ស្មារតីកូនខ្មែរគ្រប់រូប ជាពិសេស យុវជន ឱ្យយល់ច្បាស់ពីតម្លៃដ៏ឧត្តុងឧត្តមបំផុត នៃការផ្សះផ្សាជាតិ និងការរួមរស់ជាមួយគ្នាដោយសន្តិវិធីរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាចំណុចខ្លាំង របស់ប្រជាជាតិខ្មែរ។
ក្នុងឱកាសខួបលើកទី៣៥នេះ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា និង អ្នកគាំទ្រ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា សូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅចំពោះស្ថាបត្យករ និង អ្នកតស៊ូទាំងអស់ ដែលធ្វើពលិកម្ម ដើម្បីផលិតបាន នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣។
យើងខ្ញុំ ប្តេជ្ញាការពារស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឱ្យនៅគង់វង្សជានិរន្តរ៍ សម្រាប់ជាគ្រឹះប្រតិបត្តិ ដើម្បីការពារទឹកដីកម្ពុជា និង នាំប្រជាជាតិខ្មែរ ឲ្យរីកចម្រើនជាប្រយោជន៍ពលរដ្ឋខ្មែរទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ ឬ បក្ខពួកនយោបាយ៕